នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៨០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី១៦ឧសភានេះ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨១០០គ្រួសារបន្ថែមទៀត ហើយ បើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៤១ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃអាទិត្យទី១៦ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨១០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចំនូន២០០០គ្រួសារ ខណ្ឌសែន សុខ ៣០០គ្រួសា ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន១៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៧០០គ្រួសារ ខណ្ឌដូនពេញចំនួន២០០គ្រួសារ ខណ្ឌ៧មករា ៣០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០០គ្រួសារ និងក្រុមការងារចំនួន៤០០គ្រួសារ ។

មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៦ខែ ឧសភានេះបានចំនួន៤១០៨៥២គ្រួសារហើយ ។

គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner