សាលារៀនមួយកន្លែង ក្នុងស្រុកភ្នំស្រួច ត្រូវបានរៀបចំជា​មណ្ឌល​ព្យាបាលអ្នកជំងឺកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

ខណៈដែលកំណើនអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជារៀងរាល់ថ្ងៃនៅខេត្តកំពង់ស្ពឺនោះ អាជ្ញាធរបានសម្រេចយកសាលារៀនមួយកន្លែងដែលស្ថិតនៅក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច រៀបចំជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះទៅពិនិត្យទីតាំងភូមិសាស្ត្រនោះរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា សាលារៀនដែលរដ្ឋបាលខេត្តបាន និងកំពុងរៀបចំនោះ មានទីធ្លាធំ អគារច្រើន មានលក្ខណៈភូមិសាស្ត្រល្អ នៅដាច់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ពិសេសជាងនេះទៀតនោះ មានបរិយាកាសល្អបរិសុទ្ធ និងមានម្លប់ឈើសម្រាប់អ្នកជំងឺអាចអង្គុយលំហែរបាន។ សាលារៀននោះមានចំនួន ៤អគារ អាចមានសមត្ថភាពផ្ទុកអ្នកជំងឺបានរហូតដល់ទៅ ៣០០នាក់។ ដើម្បីសម្រួលដល់ដំណើរការព្យាបាលរបស់ក្រុមគ្រូពេទ្យ រដ្ឋបាលខេត្តបានធ្វើការរៀបចំឱ្យមានបណ្តាញអគ្គីសនីទៅគ្រប់អគារ បន្ទប់ទឹក និងគ្រែចំនួន ៣០០ សម្រាប់អ្នកជំងឺសម្រាកព្យាបាល។ ការរៀបចំនឹងត្រូវធ្វើឡើងដោយឆាប់រហ័សបំផុត ប្រកបដោយគុណភាពដើម្បីបើកទទួលអ្នកជំងឺចូលព្យាបាល។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានីដែលមានអ្នកឆ្លងច្រើនរាល់ថ្ងៃ បានធ្វើឱ្យប្រឈមនឹងកង្វះកន្លែងសម្រាកព្យាបាល។ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា គិតមកទល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ចំនួន ២១៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកជំងឺដែលជាសះស្បើយមានចំនួន ២៨នាក់ និងមានអ្នកជំងឺចំនួន ៨នាក់ បានស្លាប់បាត់បង់ជីវិតព្រោះតែមេរោគដ៏កាចសាហាវនេះ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner