រថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ៤កង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បើកបរក្នុងល្បឿនលឿន វ៉ាប្រជែងគ្នា ខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៤កង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅភូមិស្វាយប៉ាក់ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រម៉ាក FUSO មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-0635 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ វ៉ាប្រជែងគ្នា ជាមួយរថយន្តមួយគ្រឿងទៀត ខ្វះការប្រុងប្រយ័ត្ន ក៏ស្រាប់តែរថយន្តកុងតឺន័ររេចង្កូតជ្រុលទៅបុករបាំងក្បាលនាគពេញទំហឹង ពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ បណ្ដាលឲ្យរថយន្តកុងតឺន័រដាច់កង់មុខទាំងពីររងការខូចខាតយ៉ាងដំណំ។ ហើយភ្លាមៗនោះ តៃកុងរថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner