រថយន្តកូរ៉េបុករះរថយន្ត និងម៉ូតូពីរគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង បុករះរថយន្ត និងម៉ូតូពីរគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវលេខ៥១ កែងនិងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកូរ៉េ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2S-0697 ដឹកកំទេចកំទីឥដ្ឋ យកទៅចាក់ចោលនៅបឹងទំពុន ដោយរួមដំណើរគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវលេខ៥១ កែងនិងផ្លូវលេខ១៣០ ក៏មានរថយន្តម៉ាក ហាយព្រីត ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2P-6555 មួយគ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ស្រាប់តែអកហ្សឺរាងៗខ្លួន រួចជ្រុលបុកចំរថយន្តម៉ាក ហាយព្រីត ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2P-6555 ចំពេញទំហឹង រួចរថយន្តកូរ៉េដែលគាត់កំពុងបើកមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅមុខទៀត ហើយរូបគាត់ឃើញមានមនុស្សនៅខាងស្ដាំដៃក៏សម្រេចចិត្តបួងចង្កូតទៅខាងឆ្វេងដៃវិញ ដើម្បីគេចពីមនុស្សទៅបុកម៉ូតូចំនួន២គ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្ត និងម៉ូតូទាំងពីរគ្រឿងយ៉ាងដំណំតែម្តង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហើយភ្លាមៗនោះ ម្ចាស់ភាគីខាងរថយន្តម៉ាកហាយព្រីត មិនទាមទារសំណង់សុខចិត្តសុំរួចខ្លួនយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងរថយន្តបង្ក និងម្ចាស់ភាគីខាងម៉ូតូរងគ្រោះចរចាគ្នាមិនត្រូវរ៉ូវ ទើបធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner