ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែបន្តរងការលបលួចចូលកាប់ពីជនខិលខូច បើទោះបីជាមានការបង្រ្កាបជាបន្តបន្ទាប់

ខេត្តព្រះវិហារ៖ សកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើយកទៅធ្វើជំនួញល្មើសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ កត្តានេះបានញ៉ាំងឲ្យក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បើទោះបីជាមន្រ្តីបានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។

បើតាមការបញ្ជាក់ពីលោក ជា សម្បត្តិ អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានថ្លែងឲ្យដឹង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ដើមឈើប្រណិតគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងដែនឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែរងការលបលួចចូលកាប់បំផ្លាញ អារ ពុះជ្រៀកជាស៊ីឡាំង ៤ជ្រុង និងជាឈើសន្លឹក និងការដឹកជញ្ជូនយកទៅធ្វើជំនួញដោយខុសច្បាប់ ពីសំណាក់ឈ្មួញមួយក្រុម ដែលសកម្មភាពនេះ តែងបានកើតឡើងស្ទើរជារៀងរាល់យប់ និងរាល់ថ្ងៃ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១ ចុងសប្តាហ៍មកនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

លោក ជា សម្បត្តិ បានថ្លែងឲ្យដឹងទៀតថា ក្រោមការចង្អុលបង្ហាញពី ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ឲ្យមន្ត្រីនៃក្រុមការងារឧទ្យាន ពង្រឹងការចុះល្បាតឲ្យបានជាប់ជាប្រចាំនោះ ក្រុមការងារបានចុះល្បាតជារៀងរាល់យប់ថ្ងៃ ហើយតែងបានប្រទះឃើញ ក្រុមជនខិលខូចលបលួចចូលកាប់ និងដឹកជញ្ជូនឈើ ដើម្បីនាំយកទៅធ្វើជំនួញ។

លោកបន្តថា ខណៈក្រុមមន្ត្រីចុះទៅដល់ទីនោះ ក្រុមឈ្មួញបាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបានបន្សល់ទុកនៅតែវត្ថុតាងបទល្មើស មានគោយន្តកន្ត្រៃ ម៉ូតូ និងឈើប្រណិតជាច្រើនកំណាត់ផងដែរ។

លោកបញ្ជាក់បន្តថា ជាក់ស្តែង នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងឧទ្យានបានចុះល្បាតព្រៃ និងបានប្រទះឃើញក្រុមនេះ ហើយពួកគេបានរត់គេចខ្លួនបាត់អស់ និងក្រុមមន្ត្រីឧទ្យាន បានធ្វើការរឹបអូស ប្រមូលយកវត្ថុតាងបទល្មើស មានគោយន្តកន្ត្រៃ ១គ្រឿង ម៉ូតូ ១គ្រឿង និងឈើប្រណិត ប្រភេទធ្នង់ ២៦កំណាត់ នាំយកទៅរក្សាទុក នៅស្នាក់ការឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឬស្សីត្រឹប ទុកជាភស្តុតាង។ លោកបន្តថា ប្រសិនបើប្រជាពលរដ្ឋ ឬជនល្មើស នៅតែបន្តលបលួចចូលកាប់ឈើបែបនេះទៀត នោះដែនព្រៃឧទ្យានជាតិ ប្រាកដជាហិនហោចអស់ ក្នុងពេលណាមួយមិនខានឡើយ ។

  លោក ជា សម្បត្តិ បានបញ្ជាក់ថា កាលពីយប់ថ្ងៃ១២ឧសភាកន្លងមកនេះ មានមនុស្ស ៥នាក់ ជិះគោយន្ត១គ្រឿង ចូលមកក្នុងដែនឧទ្យាន ហើយបានលបលួចប្រើប្រាស់អាវុធច្នៃ បាញ់មកលើមន្ត្រីឧទ្យា ដែលកំពុងល្បាតព្រៃ ចំនួន ២គ្រាប់ ផ្ទុះ១គ្រាប់ និងមិនផ្ទុះ១គ្រាប់ តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់នោះទេ ដោយសារក្រុមមន្ត្រី ក្រាបពួននៅក្នុងរណ្តៅដី បានទាន់ពេលវេលា។ លោកបញ្ជាក់ទៀតថា នៅរយៈកាលកន្លងមក ថ្នាក់ដឹកនាំឧទ្យាន ធ្លាប់បានចុះធ្វើបទបង្ហាញ ពន្យល់ណែនាំនៅតាមសហគមន៍ ដែលស្ថិតនៅជុំវិញឧទ្យាន ជាច្រើនលើកច្រើនសារមកហើយ កុំឲ្យពួកគាត់បន្តកាប់រុករានទន្ទ្រានដីព្រៃឧទ្យាន និងបញ្ឈប់ការចូលកាប់ឈើ នៅក្នុងដែនឧទ្យានជាតិនេះទៀត។ ហើយក៏បានដាក់លិខិតស្នើសុំអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ លើការកាប់បំផ្លាញព្រៃឈើក្នុងដែនឧទ្យានរួចមកហើយ ប៉ុន្តែ ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ច ហាក់នៅមានការយ៉ឺតយ៉ាវនៅឡើយ។

  លោក ជា សម្បត្តិ បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តព្រះវិហារ មេត្តាជួយរកវិធានការទប់ស្កាត់ និងមានចំណាត់ការបង្ក្រាប សកម្មភាពកាប់ និងដឹកជញ្ជូនឈើ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរក្សាធនធានសម្បត្តិព្រៃឈើ ឲ្យស្ថិតនៅគង់វង្ស៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner