រាជរដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា

ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេច ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយត្រូវ បានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។

នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ាដែលមានសមាសភាព១២រូបដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន តំណាងទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងសមាជិក ១០រូប។

ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវ ផ្ដួចផ្ដើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្ដល់ គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
  • សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
  • សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម
  • ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ
  • រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្ដល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
  • ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
    ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់
  • រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីជួយការងារតាមតម្រូវការចាំបាច់។ ប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner