ទូត​អាមេរិក៖កម្ពុជានឹងត្រូវ​ទទួល​ជំនួយ​វ៉ាក់សាំង១លាន១សែន​ដូ​ស ត្រឹម​ចុងខែ​ឧសភា និង​មានបន្តទៀតតាមរយៈយន្តការកូវ៉ាក់

ភ្នំពេញៈប្រទេស​កម្ពុជា នឹងត្រូវ​ទទួល​ជំនួយ​វ៉ាក់សាំង ១លាន១សែន​ដូ​ស ត្រឹម​ចុងខែ​ឧសភា និង​មាន​ជា​បន្តបន្ទាប់​។ នេះបើតាមការ​បញ្ជាក់របស់ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំកម្ពុជាលោក ផា​ទ្រិ​ក ម័​ហ្វី ( W. Patrick Murphy) កាលពីម្សិលមិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែឧសភា កន្លងទៅបាន​ជួបពិភាក្សា​ពី​បញ្ហា​ទ្វេភាគី និង​តំបន់ជាមួយនឹង​លោកឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំកម្ពុជាលោក ផា​ទ្រិ​ក ម័​ហ្វី ( W. Patrick Murphy)។

​ក្នុងជំនួប​នេះលោក​ឯកអគ្គ​រដ្ឋ​រដ្ឋ​ទូតអាមេរិក បាន​ចូលរួម​រំលែក​មរណទុក្ខ​ ចំពោះការបាត់បង់ដែល​ប្រទេស​កម្ពុជា​បាន​ទទួលរងក្នុងអំឡុង​នៃ​ការ​រាតត្បាត​ជំងឺកូ​វីដ​១៩​។​

​លោកបន្តថាមកដល់ពេលនេះ​ គេ​ដឹងថា សហរដ្ឋអាមេរិកជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ​របស់​កម្ពុជាក្នុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​ជា​សាកល​មួយ​នេះ ដោយ​ផ្តល់ជំនួយ​ផ្ទាល់​ក្នុងការទប់ស្កាត់​ជំងឺ​កូ​វីដ១៩ មានតម្លៃ​ជា​ទឹកប្រាក់១១លាន​ដុល្លារ​អាមេរិក​ ជំនួយ​ជាបច្ចេកទេស​ដ៏​សំខាន់ក្នុងការ​ពង្រឹង​បន្ថែម​នូវ​ភាពជា​ដៃគូ​ផ្នែក​សុខភាព​ដ៏​យូរអង្វែង និង​ផ្តល់ជំនួយ​ជាង៤ពាន់​លាន​ដុល្លារ ដែលជា​ជំនួយ​ដ៏​ច្រើន​លើស​ប្រទេស​ណាទាំងអស់ដល់​យន្តការ​កូ​វ៉ា​ក់របស់​អង្គការ​សុខភាព​ពិភពលោកដែល​តាម​កម្មវិធី​នេះ ប្រទេស​កម្ពុជានឹងត្រូវ​ទទួល​ជំនួយ​វ៉ាក់សាំង១លាន១ សែន​ដូ​ស ត្រឹម​ចុងខែ​ឧសភា និង​មាន​ជា​បន្តបន្ទាប់​។​

​ក្នុងជំនួបនេះដែរ លោកទូតបញ្ជាក់ថាសហរដ្ឋអាមេរិក គាំទ្រ​នូវ​កិច្ចប្រឹងប្រែងរបស់​កម្ពុជា ​និង​រដ្ឋ​សមាជិកសមាគម​អាស៊ានដទៃទៀត ក្នុងការ​លើកកម្ពស់​ដំណើរការ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ព្រមទាំង​នីតិរដ្ឋ នៅក្នុង​តំបន់ រួមទាំង​ប្រទេស​ភូមា​ផងដែរ​។ អស្ថិរភាព ដែល​បង្កើត​នូវ​រដ្ឋប្រហារយោធា ប៉ះពាល់​ដល់​តំបន់​ទាំងមូល ហើយ​ប្រទេស​ក្នុង​អាស៊ាន​ដើរតួនាទី​សំខាន់ ក្នុង​ការជួយ​ស្តារ​ឱ្យ​ប្រទេស​ភូមា​ឈាន​មកកាន់​ប្រជាធិបតេយ្យ​ឡើងវិញ​៕
ដោយៈជម្ពូនុទ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner