រដ្ឋមន្ត្រីការបរទេសបញ្ជាក់ថា កម្ពុជាត្រៀមសហការជាមួយប្រទេសឆែក ធ្វើជាប្រធានសហភាពអឺរ៉ុប នៅពាក់កណ្តាលឆ្នាំក្រោយ

ភ្នំពេញ:ឯកអគ្គរដ្ឋទូតឆែក លោកម៉ាទីន វ៉ាប្រា (Martin Vávra ) បានបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសរបស់លោក កំពុងត្រៀមខ្លួនធ្វើជាប្រធានសហភាពអឺរ៉ុប នៅពាក់កណ្តាលឆ្នាំ២០២២ ស្របពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែរ។ ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណាឲ្យអង្គការទាំងពីរ (សហភាពអឺរ៉ុប និងអាស៊ាន) មានកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរឡើងថែមទៀត។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួង ការបរទេស និង សហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការបរទេស។

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានប្រសាសន៍ឱ្យដឹងបន្ទាប់ពីជំនួបបញ្ចប់ថា នៅក្នុងទំនាក់ទំនងទ្វេភាគី (កម្ពុជា-ឆែក) មានយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបានជួបប្រជុំជាមួយគ្នាម្តង រួចហើយ កាលពីឆ្នាំ២០១៨។ បន្ទាប់ពីជំងឺកូវីដ១៩ បានស្រាកស្រាន្តភាគីនៃប្រទេសទាំងពីរនិងជួបពិគ្រោះយោបល់ ទ្វេភាគី បន្តទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យបានកាន់តែទូលំទូលាយ។ កម្ពុជា ត្រូវបានសាធារណរដ្ឋឆែកជ្រើសរើសជាប្រទេសអាទិភាព សម្រាប់ដៃគូអភិវឌ្ឍន៍ក្នុងចំណោមប្រទេសដៃគូចំនួន១៦ប្រទេស។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនៃខួបទំនាក់ទំនងការទូតកម្ពុជា-ឆែក មានរយៈពេល៦៥ឆ្នាំ (១៨ខែ ឧសភា១៩៥៦-១៨ខែឧសភាឆ្នាំ២០២១)។ ឯកឧត្តម កត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា-ឆែក មកដល់បច្ចុប្បន្នមានការរីកចម្រើនជាលំដាប់ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ។ កន្លងមកនេះ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តម សីហមុនី បានបំពេញព្រះរាជ ទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆែក បានចំនួន២លើក, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានដឹកនាំមន្ត្រីជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឆែក ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសឆែកក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបឯកអគ្គរដ្ឋទូតឆែក បន្តថាក្រសួងការបរទេសកម្ពុជាបានតៀមលក្ខណៈសហការ ជាមួយឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីគាំទ្រដល់បេសកកម្មរបស់ឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ។

ជាការឆ្លើយតបលោក ម៉ាទីន វ៉ាប្រា ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា បានជម្រាបជូនឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន ថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនិងពិនិត្យមើល និងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងឆែក-កម្ពុជា។ កន្លងមកទំនាក់ទំនងកម្រិតនយោបាយរវាងប្រទេសទាំងពីរគឺមានទំនាក់ទំនងល្អ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាកម្ពុជាក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះប្រធានកិច្ចប្រជុំកំពូល អាស៊ានឆ្នាំ២០២២ ខាងមុខនេះ ពោលគឺធ្វើតាំងពីដើមឆ្នាំដល់ចុងឆ្នាំ ហើយនៅពេលដែលឆែកធ្វើជាប្រធានសហភាពអឺរ៉ុប ពាក់កណ្តាលឆ្នាំ២០២២ ស្របដែលកម្ពុជាធ្វើជាប្រធានអាស៊ានដែរនោះ គឺភាគីទាំងពីរខិតខំធ្វើយ៉ាងណាឲ្យអង្គការទាំងពីរ សហភាពអឺរ៉ុប អាស៊ានឲ្យមានកិច្ចសហប្រតិបត្តិការ៕
ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner