លោក ប៉ុល ហំម៖ “ខ្ញុំធ្វើអីតាមឧត្តមគតិខ្ញុំ, ខ្ញុំអត់ភ័យនឹងអ្នកដែលមិនបានគិតដិតដល់ ហើយរិះគន់ខ្ញុំទេ”

ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោកយល់ថាមិនមានអ្នកនយោបាយណាមួយ ដែលមិនទទួលបានរិះគន់ទេ។ នេះគឺជារឿងធម្មតាទេ។ លោកអត់ភ័យនឹងអ្នកដែលមិនបានគិតដិតដល់ហើយរិះគន់លោកទេ។

លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោក កឹម សុខា ទើបបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយព្រះរាជក្រឹត្យ ត្រាស់បង្គាប់របស់ព្រះករុណាព្រះមហាក្សត្រកកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការទទួលបានសិទ្ធិធ្វើនយោបាយនេះ ក៏មានការរិះគន់ពីជនអគតិមួយចំនួនចំពោះរូបលោក។

លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោក កឹម សុខា (រូបឯកសារ)

លោក ប៉ុល ហំម បានប្រាប់AMS តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែឧសភានេះថា លោកយល់ថា មិនមានអ្នកនយោបាយណាមួយដែលមិនទទួលបានរិះគន់ទេ។ នេះគឺជារឿងធម្មតាទេ។ អ្នករិះគន់យើងខ្លះ គេរិះគន់ដោយស្ថាបនាក៏យើងត្រូវ យកមកពិនិត្យពិចារណា។ អ្នករិះគន់ខ្លះដូចបំផ្លាញ ហើយបើគេចង់ធ្វើបែបនេះ ក៏ឲ្យគេធ្វើតទៅទៀតទៅ។ បើសិនណា ជាយើងគិតតែពីរឿងមើលអ្នករិះគន់ ហើយមិនគិតពីកិច្ចការដែលយើងចង់ធ្វើទៅស្របតាមឧត្តមគតិរបស់យើង ដូច្នេះអត់ធ្វើអីកើតទេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា “ខ្ញុំមិនមែនជាអ្នកដឹកនាំ , នាំមុខគេអីប៉ុន្មានទេ។ ខ្ញុំគ្រាន់ជាអ្នកចូលរួមជាហូរហែមកទេ ដើម្បីកុំឱ្យមនសិការខ្ញុំបន្ទោស ពីព្រោះកើតជាខ្មែរម្នាក់ហើយ វាត្រូវតែមានការចូលរួមទោះតិចក្តីច្រើនក្តីបានជោគ ជ័យ ឬមិនបានជោគជ័យក្តី។ អាហ្នឹងខ្ញុំធ្វើអីតាមឧត្តមគតិខ្ញុំ។ ខ្ញុំអត់ភ័យនឹងអ្នកដែលមិនបានគិតដិតដល់ហើយរិះគន់ខ្ញុំទេ”។

គួរបញ្ជាក់ថា លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិក គណៈកម្មាធិការនាយកត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចដីកា លេខ៣៤០(ឆ)ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ប៉ុន្តែលោកពីរបានទទួលនូវនីតិសម្បទាឡើង វិញតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភាម្សិលមិញ។ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាល ពីថ្ងៃទី១៧ ខែឧសភា។

គួររំលឹកថារហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៣រូបដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល។

តាមរយៈAMS លោក ប៉ុល ហំម ក៏បានផ្ញើថ្វាយនូវការអរព្រះគុណ និងអរគុណថ្វាយដល់ព្រះករុណាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្តល់នូវព្រះរាជទាននីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់រូបលោក៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner