សម្តេចពិជ័យសេនា: ក្រសួងការពារជាតិរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រស្តីពីលទ្ធផលស្នាដៃកម្លាំងក្រុមគ្រូពេទ្យ កម្លាំងកងទ័ពបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា ក្រសួងការពារជាតិ បានរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រស្តីពីលទ្ធផលស្នាដៃ ដែលកម្លាំងក្រុម គ្រូពេទ្យ កម្លាំងកងទ័ព ដែលបានបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី១ និងកំពុងបន្តចាក់ម្ជុលទី២ បន្តទៀត គឺចាប់ពីថ្ងៃទី១៦ ឧសភាកន្លងមក ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ (រូបឯកសារ)

សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា រឿងនេះក៏ដូចជារឿងមួយចំនួនដែរ ព្រោះព្រឹត្តិការណ៍នៅក្នុងបរិបទកូវីដ១៩ បានបំផ្លិចបំផ្លាញសុខមាលភាព ក៏ដូចជាបំផ្លាញនូវកិច្ចការសង្គម និងសេដ្ឋកិច្ចធំធេងណាស់។ ក៏ប៉ុន្តែកិច្ចការងារ នេះ តាំងពីកើតជំងឺកូវីដ១៩មក មានការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន យើងបាននាំគ្នាខិតខំតស៊ូប្រយុទ្ធ ជាមួយកូវីដជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅដំណាក់កាលចុងក្រោយនេះ ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ មានសភាពធ្ងន់ធ្ងរ ដូច្នេះក្នុងសភាពដែលធ្ងន់ធ្ងររបៀបនេះ ក៏បានទទួលការប្រគល់ភារកិច្ច និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឱ្យទៅធ្វើកិច្ចការងារប្រឆាំងជាមួយកូវីដ ជាពិសេសឲ្យកងទ័ពចុះទៅតំបន់ដែលមានហានិភ័យខ្ពស់គឺតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ។ រឿងនេះក៏ចាត់ទុកថាជាប្រវត្តិសាស្ត្រមួយដែរ។ ដូច្នេះសម្តេចក៏បានណែនាំឱ្យមានការកកត់ត្រា និងផ្តិតនៅទិដ្ឋភាពទាំងឡាយដែលយើងបានធ្វើកិច្ចការងារដ៏មានសារៈសំខាន់នេះក្នុងការចូលរួមប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលវាកំពុងតែបំផ្លិចបំផ្លាញអ្វីៗទាំងអស់នៅក្នុងមាតុភូមិរបស់យើង។ គឺធ្វើយ៉ាងម៉េចពុះពារឲ្យទទួលបានជោគជ័យ។
សម្តេចពិជ័យសេនា បញ្ជាក់ថា ដូច្នេះវាក៏ជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយក្នុងបរិបទថ្មីនេះកូវីដ១៩ ក៏ជារឿងថ្មីមួយដែរ ដែលយើងចាំបាច់ត្រូវតែកត់ត្រាទុក ដើម្បីបញ្ជាក់ដល់ថ្ងៃក្រោយទៀតហេតុការណ៍ដែលកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។

សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថា ” កូវីដ១៩ គឺផ្ទុះធ្ងន់ធ្ងរតែម្តងនៅក្នុងសហគមន៍២០ កុម្ភៈរហូតដល់យើងបិទខ្ទប់ភូមិករទីប្រជុំជនមួយចំនួន និងទីកន្លែងខ្លះ។ ដូច្នេះវាធ្ងន់ធ្ងរហើយ ហើយក៏ជាប្រវត្តិសាស្ត្ររបស់យើងមួយដែរ ដែលយើងត្រូវចងចាំដើម្បីឱ្យដឹងថា ការប្រយុទ្ធប្រឆាំងជាមួយជំងឺដែលគ្មានសំឡេង គ្មានស្រមោល គ្មានពន្លឺ និងមើលមិន ឃើញទាល់តែសោះនេះ វាមានភាពស្មុគស្មាញខ្លាំងណាស់។ ដូច្នេះត្រូវតែរៀបចំកត់ត្រាទុក និងផ្តិតយកបញ្ហាមួយចំនួនទុកដាក់ ដើម្បីឱ្យយើងបន្តសិក្សាទៅខ្សែសង្វាក់ឱ្យបានពិតប្រាកដនូវព្រឹត្តិការណ៍ដែលបានកើតឡើង”។

គួររំលឹកថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហមគិតត្រឹមថ្ងៃទី២១ ខែឧសភា មានប្រជាជនចំនួនជាង៧៦ម៉ឺននាក់ ត្រូវបានចាក់វ៉ាក់សាំងម្ជុលទី១ និងជាង២៤ម៉ឺននាក់បានចាក់ម្ជុលទី២រួច៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner