កម្ពុជា-ជប៉ុន ក្នុងភាពជាដៃគូរក្នុងកំឡុងពេលជួបវិបត្ដិកូវីដ-១៩

អត្ថបទដោយ៖
AMS

កម្ពុជា និង ជប៉ុន មានទំនាក់ទំនងជាផ្លូវការតាំងពីឆ្នាំ១៩៥៣ មករហូតដល់ បច្ចុប្បន្ននេះ អាចនិយាយបានថាជាទំនាក់ទំនងយូរអង្វែងមកហើយ អាចចាត់ទុកថាជា ប្រទេសដំបូងគេក្រោយពីសង្គ្រាមលោកលើកទី២ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ។ ទោះជានៅក្នុងកាលៈទេសៈកូវីរាតត្បាតក៏ដោយ ក្រុមហ៊ុនជប៉ុននៅតែកំពុងសម្លឹងមកប្រទេសកម្ពុជាដើម្បីបង្កើតមូលដ្ឋានផលិតកម្ម និងគម្រោងវិនិយោគនានាផងដែរ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណ និងសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ចាប់តាំងពីឆ្នាំមុន។ ព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលអោយមានការរីករាលដាលនៃការឆ្លងយ៉ាងច្រើននេះ គឺពិតជាមានការសោកស្តាយ ប៉ុន្តែពេលនេះគឺជាពេលវេលាដ៏សំខាន់ ហើយបើទោះបីជាប្រទេសជប៉ុនក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដែលស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ក៏យើងនៅតែសហការយ៉ាងរឹងមាំជាមួយប្រទេសកម្ពុជា។ យើងគិតថាការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ គឺជាបញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយប្រទេសជប៉ុនក៏បាននិងកំពុងផ្តល់ការគាំទ្រលើកិច្ចការនេះផងដែរ។

 ចាប់តាំងពីដើមឆ្នាំមុន ជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ ៦០លានដុល្លារអាមេរិក ដោយផ្តោតទៅលើការផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់ ចាប់ផ្តើមពីការផ្តល់នូវសម្ភារៈការពារការឆ្លង ដូចជាម៉ាស់ របាំងមុខ និងសម្លៀកបំពាក់ការពារខ្លួន ការធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ដូចជារថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចជាដើម។

លើសពីនេះទៀត ប្រទេសជប៉ុនបានបរិច្ចាគថវិកាប្រមាណ២០០លានដុល្លារសហរដ្ឋអាមេរិកដល់ COVAX Facility ដើម្បីគាំទ្រដល់ការចែកចាយវ៉ាក់សាំងនៅក្នុងប្រទេសដែលមានតម្រូវការរួមទាំងប្រទេសកម្ពុជាផងដែរ។ យើងដឹងហើយថាវ៉ាក់សាំង AstraZeneca ប្រហែល៣២ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជារួចទៅហើយ តាមរយៈCOVAX Facility ហើយយើងនៅតែមានបំណងបន្តការគាំទ្របែបនេះ។ ​ លើសពីនេះទៅទៀត ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងនៅកម្ពុជា ជប៉ុនក៏បានផ្តល់ឲ្យអង្គការUNICEF នូវឧបករណ៍រក្សាភាពត្រជាក់ និងជំនួយបច្ចេកទេសដែលមានទឹកប្រាក់ប្រមាណ១លានដុល្លារសហរដ្ឋអាមេរិក។ យើងក៏កំពុងពិចារណាលើការផ្តល់ឧបករណ៍រក្សាភាពត្រជាក់តាមរយៈអង្គការJICAផងដែរ។

មិនតែប៉ុណ្ណោះផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយជប៉ុនក៏បានផ្តល់ជំនួយបន្ទាន់ជាប្រាក់កម្ចី ដែលមានទំហំទឹកប្រាក់ប្រមាណ២៣៥លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជាដើម្បីស្តារសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ និងផ្តល់ជាសាច់ប្រាក់ដល់ជនក្រីក្រជាដើម។ ប្រទេសជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើវិស័យផ្សងៗទៀតផងដែរ។

ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា នៅក្នុងវិស័យជាច្រើនដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អបរិយាកាសធុរកិច្ច ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងច្បាប់ ព្រមទាំងអភិបាលកិច្ចល្អ ហើយប្រទេសជប៉ុននៅតែមានបំណងបន្តគាំទ្រដល់វិស័យទាំងនេះដើម្បីឲ្យប្រទេសកម្ពុជាយកឈ្នះបញ្ហាទាំងនោះ។

ដើម្បីឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍបន្ថែមទៀតឆ្ពោះទៅឆ្នាំ២០៥០ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល គឺជាកិច្ចការមួយដ៍មានសារៈសំខាន់។ ឥឡូវនេះ គឺគួរឲ្យសោកស្តាយចំពោះការផ្អាកនូវការផ្លាស់ប្តូរប្រជាជនដោយសារកូវីដ១៩ ប៉ុន្តែនៅពេលការរីករាលដាលនៃកូវីដ១៩បានបញ្ចប់ យើងនឹងបន្តការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរឡើងវិញ និងបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់ប្រទេសកម្ពុជា។

វាគ្មិន៖ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា
ប្រធានដឹកនាំផលិត៖ អ្នកនាង ឡាក់ លីលី
អ្នកកែសម្រួលអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner