អង្គការសហប្រជាជាតិ បញ្ជាក់ពីការគាំទ្ររាជរដ្ឋាភិបាលតាមរយៈកម្មវិធីជំនួយសង្គម និងការឆ្លើយតបចំពោះបញ្ហាកូវីដ-១៩

ភ្នំពេញៈ អង្គការសហប្រជាជាតិ(អ.ស.ប) នៅកម្ពុជា បានឆ្លើយតបចំពោះការផ្ទុះជំងឺកូវីដ-១៩ និងចំពោះការអនុវត្តវិធានការឆ្លើយតបចំពោះជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា អ.ស.ប បានផ្ដល់ការគាំទដល់ការរៀបចំ និងការអនុវត្តកម្មវិធីជំនួយសង្គមក្នុងស្ថានភាពបន្ទាន់ ជាកម្មវិធីថ្មី ដែលត្រូវបានអនុវត្តក្នុងទម្រង់ជាការឧបត្ថម្ភជាសាច់ប្រាក់តែមួយលើក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអ.ស.ប ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
កម្មវិធីនេះនឹងត្រូវអនុវត្តនៅសប្តាហ៍ទី១នៃខែមិថុនាឆ្នាំ២០២១។ កម្មវិធីនេះមានគោលបំណងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព គ្រួសារដែលរងផលប៉ះពាល់ដោយសារការអនុវត្តវិធានការបិទខ្ទប់ និងគ្រួសារដែលមានសមាជិកបាត់បង់ជីវិត ឬឆ្លងជំងឺកូវីដ-១៩។ ជំនួយបច្ចេកទេសដែល ផ្តល់ដល់រាជរដ្ឋាភិបាល រួមមាន៖
-ប៉ាន់ប្រមាណពីវិសាលភាព និងទំហំសក្តានុពលនៃ “កម្មវិធីជំនួយសង្គមក្នុងស្ថានភាពបន្ទាន់” ធ្វើការកំណត់ អត្តសញ្ញាណជាមុន និងចុះឈ្មោះអ្នកទទួលផលមកពីក្រុមងាយរងគ្រោះ ដូចជា ក្រុមប្រជាពលរដ្ឋដែលរស់នៅកៀកនឹងភាពក្រីក្រ ហើយដែលកំពុងប្រកបមុខរបរដែលងាយរងផលប៉ះពាល់ តាមរយៈការសហការជាមួយនឹងក្រសួងផែនការ។
-កសាងសមត្ថភាពគ្រប់គ្រងយន្តការកំណត់អត្តសញ្ញាណ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលកំពុងអនុវត្ត ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
-រៀបចំក្របខ័ណ្ឌ និងឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃ (M&E) សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយសហការជាមួយនឹងក្រុមប្រឹក្សាជាតិគាំពារសង្គម/ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រើប្រាស់ប្រព័ន្ធអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ បានបន្តអនុវត្តក្នុងរយៈពេលដែលមានការអនុវត្តវិធានការបិទខ្ទប់ និងបានផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជាង ៧សែនគ្រួសារ (៧០០ ០០០ គ្រួសារ) ស្មើនឹងមនុស្សជាង២៨ លាននាក់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក ជាមួយនឹងជំនួយបច្ចេកទេសពីអ.ស.ប និងដៃគូអភិវឌ្ឍន៍នានា។

អ.ស.ប បានជម្រាបជូនរដ្ឋាភិបាលថា កម្មវិធីគាំពារសង្គមដែលរៀបចំបានល្អត្រូវការពារអាយុជីវិត ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះជាងគេ ព្រមទាំងកសាងនូវភាពចុះសម្រុងគ្នា និងសាមគ្គីភាពនៅក្នុងសង្គម ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាការសំខាន់ណាស់ ដែលត្រូវពង្រីកប្រព័ន្ធគាំពារសង្គមបន្ថែមទៀត ឆ្ពោះទៅសម្រេចឱ្យបាននូវការគ្របដណ្ដប់ជាសកល និងធ្វើយ៉ាងណាឱ្យ ប្រព័ន្ធនេះកាន់តែអាចឆ្លើយតបចំពោះវិបត្តិនានា។ លើសពីនេះ អ.ស.ប អំពាវនាវឱ្យមាន៖ ១. ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជាសកល “បែបមិនបង្កគ្រោះថ្នាក់” ។ ២. ការពារលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានស្បៀង និងបំពេញតម្រូវការចាំបាច់សំខាន់ៗ។ ៣.សម្រួលឱ្យខ្សែច្រវាក់ផ្គត់ផ្គង់អាហារ និងទីផ្សារនៅតែបន្តដំណើរការ និង ៤. បង្កើនបរិមាណ គុណភាព និងវិសាលភាពគ្របដណ្ដប់នៃវិធានការសង្គ្រោះ។

ជាមួយនឹងការផ្ទុះជំងឺកូវីដ-១៩ តាមសហគមន៍កាលពីពេលថ្មីៗនេះ គួរមានការផ្តោតការយកចិត្តទុកដាក់លើការ ឆ្លើយតបចំពោះស្ថានភាពអាសន្នផង ក៏ដូចជាការត្រៀមខ្លួនទប់ទល់នឹងការផ្ទុះជំងឺក្នុងទ្រង់ទ្រាយរឹតតែធំជាងនេះ ផង។ នេះតម្រូវឱ្យមានការរៀបចំស្តង់ដារ សម្រាប់តំបន់ដែលត្រូវបានបិទខ្ទប់ ដោយត្រូវឆ្លើយតបចំពោះបញ្ហា ដំណើរការនៃទីផ្សារ ការកំណត់ប្រភេទបុគ្គលិកចាំបាច់សំខាន់ៗ ដែលមានតួនាទីបន្តរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ស្បៀងនិងការទទួលបានស្បៀង , ការរៀបចំកញ្ចប់ស្បៀងសង្គ្រោះសម្រាប់ស្ថានភាពអាសន្ន តាមស្តង់ដារ ដែល ធានាបាននូវកម្រិតអាហារូបត្ថម្ភគ្រប់គ្រាន់, កំណត់អត្តសញ្ញាណជាមុននូវក្រុមប្រជាជនដែលត្រូវទទួលបាន ជំនួយសង្គម ក្នុងករណីដែលវិបត្តិបន្តរីកកាន់តែធំ និងកំណត់ជាយន្តការសម្រាប់ធ្វើការសម្របសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយជាមួយនឹងតួអង្គពាក់ព័ន្ធនានាក៏ដូចជាការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាពជាមួយ នឹងសាធារណជន។

អ.ស.ប សូមជម្រាបជូនផងដែរថា នៅកម្រិតប្រទេស រដ្ឋជាអ្នកដែលទទួលខុសត្រូវចម្បងលើការជួយ និងការពារពលរដ្ឋគ្រប់រូបដែលទទួលរងផលប៉ះពាល់ ដោយសារស្ថានភាពអាសន្នអ្វីមួយ នៅក្នុងដែនដីរបស់ខ្លួនដូចជា តាមរយៈការផ្តួចផ្តើម រៀបចំ សម្របសម្រួល និងអនុវត្តការឆ្លើយតបមនុស្សធម៌ជាដើម។ ប្រសិនបើមានភាពចាំបាច់ ឬការស្នើសុំ នោះអ.ស.ប អាចជួយធានាយ៉ាងណាឱ្យប្រជាពលរដ្ឋដែលជួបការខ្វះខាតអាចទទួលបានជំនួយ និងទទួលបានការការពារដែលពួកគេត្រូវការ។ ក្នុងករណីពាក់ព័ន្ធអ.ស.ប នឹងធ្វើការតស៊ូមតិជាមួយរដ្ឋ ដើម្បីឱ្យតួអង្គក្នុងវិស័យមនុស្សធម៌ទាំងអស់អាចផ្តល់សេវាដល់ក្រុមដែលរង ផលប៉ះពាល់។ ប៉ុន្តែ ការផ្ដល់ជំនួយត្រូវមានការយល់ព្រមពីប្រទេសដែលរងផលប៉ះពាល់ អ.ស.ប និងដៃគូរបស់ខ្លួន ធ្វើការងារដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់ប្រទេស និងបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ជាតិ។ រាល់ជំនួយទាំងអស់ត្រូវបានផ្ដល់ស្របតាមច្បាប់អន្តរជាតិ ច្បាប់ជាតិ និងគោរពតាមគោលការណ៍មនុស្សធម៌៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner