កម្ពុជា និងស្វីសកំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់បន្តកិច្ចសហប្រតិការរយៈពេល ៤ឆ្នាំទៅមុខទៀត
ការកំណត់នោះ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ពីឆ្នាំ២០២២ដល់ឆហបាំ២០២៥។ កិច្ចប្រជុំនោះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធVideo Conference នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១។ ភាគីកម្ពុជា ដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០រូប។
រីឯ ភាគីស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា និងមន្រ្តីជំនាញនៃទីភ្នាក់ងារ SDC សរុបទាំងអស់ប្រមាណ៦០រូប។ លទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមកនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រំទាំងបានឯកភាពជាគោលការណ៍កំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល៤ឆ្នាំទៅមុខ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥។
វិស័យទាំង៣គឺ ១-វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ រួមមានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា, លើកកម្ពស់សេវាសាធារណៈ, ផែនការអនុវត្តគណនេយ្យភាពសង្គម, ការទទួលបានព័ត៌មាន និងការចូលរួមរបស់យុវជន, ២- ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបបរិយ្នាប័នរួមមាន ការគាំទ្រដល់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងារសមរម្យសម្រាប់យុវជន និង៣- ការប្រែប្រួលអាកាសធាតិ និងការគ្រប់គ្រងធនធានធម្មជាតិ រួមមានការគាំទ្រដល់ខ្សែសង្វាក់តម្លៃដំណាំសាកវប្បកម្ម, ការរំដោះគ្រាប់មីន និងតយុទ្ធភណ្ឌ័មិនទាន់ផ្ទុះសម្រាប់ធ្វើកសិកម្ម, សហគមន៍នេសាទ និងព្រៃឈើ, កសិកម្មធន់និងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ឈើប្រកបដោយចីរភាព។
គួរបញ្ជាក់ថា យោងតាមប្រពន្ធ័ទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាចន្លោះពីឆ្នាំ២០០២ដល់ថ្នាំ២០២០ ភាគីស្វីសបានបើកផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ១៤២លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។ ដោយឡែកតាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២ដល់ឆ្នាំ២០២៥ថ្មីនោះ ភាគីស្វីស គ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ១៣៣លានហ្វ្រង់ស្វីស ឬប្រមាណជា១៤៨លានដុល្លារអាមេរិក ដោយបែងចែកជា២កម្រិតគឺ សម្រាប់ប្រទេសកម្ពុជា និងឡាវ និងសម្រាប់តំបន់។ ក្នុងនោះភាគីស្វីស គ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥២លានដុល្លារសម្រាប់រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥ ឬប្រមាណ១៣លានដុល្លារក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្មីនោះនៅកម្ពុជា។