អនុព័ន្ធយោធា​សហរដ្ឋអាមេរិក​ទទួលការអនុញ្ញាតជួបអគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​

​ភ្នំពេញ​: ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទកាលពី​ព្រឹក​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០២១​បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋ​អាម​រិ​ក​ប្រចាំ​កម្ពុជា​ដែល​ត្រូវ​ចប់​អាណត្តិ ចូលជួប​សំណេះសំណាល និង​ជម្រាបលា​។ ជាមួយ​នោះ លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋអាមេរិក​ថ្មី​ក៏បាន​ចូលជួប​សម្ដែង​ការគួរសម និង ​បង្ហាញមុខ​នាឱកាស​នោះដែរ។

ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទកាលពី​ព្រឹក​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០២១​បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋ​អាម​រិ​ក​ប្រចាំ​កម្ពុជា​ដែល​ត្រូវ​ចប់​អាណត្តិ ចូលជួប​សំណេះសំណាល និង​ជម្រាបលា​

​ក្នុង​កិច្ចសន្ទនា លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា បានលើកឡើង​នូវ​ចំណុច​សំខាន់​ពីរ ​ក្នុង​រយៈពេល​ដែល​លោក​បំពេញការងារ​នៅ​កម្ពុជា ។ ក្នុងនោះ​ទី​១. គឺ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ និង ​ទី​២. គឺ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​អាមេរិក​)​។ លោកនាយ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក​បាន​គូសបញ្ជាក់ថា ចាប់តាំងពី​លោក​បានមក​បំពេញការងា​រ​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ គឺ​បរិយាកាស​មិត្តភាព​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ភា​ព​ស្និទ្ធស្នាល ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​រូបលោក​បាន​ទៅ​មូលដ្ឋាន​សមុទ្រ​រាម ហើយ​បានឃើញ​សារព័ត៌មាន​ចុះផ្សាយ​នៅ​ទំព័រមុខ​ថា​កងទ័ព​សហរដ្ឋអាមេរិក​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​សមុទ្រ​រាម ដែល​ធ្វើ​ឲ្យ​លោក​មាន​អារ​ម្ម​ណ៍​ថា​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ហាក់ដូចជា​មានការ​ប្រែប្រួល ។ប៉ុន្តែ​លោក​វរសេនីយ៍ឯក បាន​មាន​សង្ឃឹមថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនងរ​វា​កងទ័ព​ប្រទេស​ទាំងពីរ​នឹង​អាច​ត្រឡប់មក​ល្អ​ដូច​ពី​ពេលមុន​វិញ តាមរយៈ​ការបន្ត​គោរព​គ្នា​ទៅវិញទៅមក ការបន្ត​អនុវត្ត​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ការកសាង​ទំនុកចិត្ត​គ្នា​។​

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​ជាមួយគ្នា​រយៈពេល ៧១​ឆ្នាំ​មកហើយ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ​រហូត​មក​។

​បន្ថែម​លើ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​កងទ័ព​សហរដ្ឋ​អាមេរិក​នៅក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅក្នុង​ក្របខ័ណ្​អង្គការ សហប្រជាជាតិ រួមទាំង​ការជួយ​ហ្វឹកហ្វឺន​ផ្នែក​ដោះមីន គ្រាប់​មិនទាន់​ផ្ទុះ សន្តិសុខ​លំហរ​សមុទ្រ ហើយ​ថ្មីៗ​នេះ​ការជួយឧបត្ថម្ភ​ថវិកា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​ក្រៅពីនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​កន្លងមក នៅក្នុង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​, ការងារ​មនុស្សធម៌ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា និង​លំ​ហាត់​ឆ្មាំ​អង្គរ​ជាដើម​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាមេរិក​) នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយគ្នា​៕​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner