អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តផ្សព្វផ្សាយវិធានការ ៣កុំ និង៣ការពារ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ !

អត្ថបទដោយ៖
ធី ដា

ខេត្តព្រះវិហារ ៖ ប្រសាសន៍ជម្រុញរបស់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៧មិថុនាឆ្នាំ២០២១នេះ ដែលកិច្ចប្រជុំនេះបានធ្វើឡើង ក្រោយពេលរដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ ក្នុងនោះ ៤នាក់ បានរកឃើញនៅក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ គឺនៅថ្ងៃទី៥មិថុនា និងនៅថ្ងៃទី៦មិថុនា ចុងសប្តាហ៍មកនេះ។

កិច្ចប្រជុំនេះ ក៏បានកិច្ចពិភាក្សា រវាងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អភិបាលក្រុង-ស្រុកទាំង៨ និងអង្គភាពទាំង៣ នៃកងកម្លាំងប្រដាប់អាវុធ ដែលបានលើកឡើងពីបញ្ហាប្រឈម និងការដំណោះស្រាយបញ្ហានានាជាច្រើន ដូចជា ការទាក់ទងទៅនឹងវិស័យកសិកម្ម វិស័យបរិស្ថាន វិស័យព្រៃឈើ ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ជាពិសេស គឺបញ្ហាការផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ថែមទៀតផង។

អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានជម្រុញមន្ត្រីខេត្ត និងមន្ត្រីថ្នាក់ដឹកនាំក្រុង-ស្រុកទាំង៨ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការដោះស្រាយនូវគ្រប់បញ្ហាប្រឈមនានា ដែលតែងកើតឡើងនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឲ្យស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់ការអនុវត្តន៍ ក្នុងការរកយន្តការដោះស្រាយ ធ្វើឲ្យជីវភាព និងសុខមាលភាពប្រជាពលរដ្ឋ កាន់ប្រសើរឡើង។

គិតត្រឹមថ្ងៃ៧ មិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញអ្នកកូវីដ១៩ ចំនួន ១៣នាក់ ស្រី ៤នាក់ និងកុមារី ២នាក់ ក្នុងនោះអ្នកជាសះស្បើយ ៣នាក់ ស្រី ១នាក់ ។ ចំពោះអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ ស្រី ៣នាក់ និងកុមារី ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ «អតីតសាលាបឋមសិក្សាស្ថាពរ»ខេត្តព្រះវិហារ ៕ ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner