កម្ពុជា ឆ្ពោះទៅរកការធ្វើទំនើបកម្ម រៀបចំការបោះ​ឆ្នោត​តាម​ប្រព័ន្ធ ប​​ច្ចេកវិទ្យាព័ត៌មាន

អត្ថបទដោយ៖
ជា សេឌី

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ តែជាពិសោធន៍អនុវត្តកម្មវិធីទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាបការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ។

       អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា ( គជប ) នៅសាលាក្រុងសៀមរាប ថ្ងៃទី០៧ ខែមិថុនា ឆ្នំា២០២១  មានបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត  ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមការរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ។ 

លោក អ៊ាម ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ថ្លែងថា៖ គជប បានរៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីការបោះឆ្នោតសាកល្បងនេះឡើង គឺស្របតាមការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើប ហើយក៏សំខាន់ផងដែរ គឺស្ថិតក្នុងគោលបំណងសាកល្បងការអនុវត្តកម្មវិធី ចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ សាកល្បងអនុវត្តឲ្យមានភាពច្បាស់លាស់ ការកំណត់សញ្ញាគាំទ្រគណបក្សនយោបាយ ដោយប្រើប៊ិកគំនូសសញ្ញាគាំទ្របោះឆ្នោតនៅលើសន្លឹកឆ្នោត។ វគ្គបណ្តុះបណ្តាលនេះ ក៏ជាដំណើរនៃការសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ រួមទាំងដកបទពិសោធន៍ លើការអនុវត្តវិធានការទប់ស្កាត់ និងការពារទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ-១៩ ក្នុងការិយាល័យបោះឆ្នោតផងដែរ  ។

       យោងតាមកាលបរិច្ឆេតនៅក្នុងប្រតិទិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងឆ្នាំ២០២១ មិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ហើយក៏មិនមែនធ្វើឡើងដើម្បីស្ទង់សម្លេងឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងមិនមែនស្ទង់មតិមុនការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នោះឡើយ ក៏ប៉ុន្តែបើសិនជាការបោះឆ្នោតសាកល្បងនេះដំណើរការទទួលបានលទ្ធផលល្អប្រសើរ កម្មវិធីទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ នឹងត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner