អាជ្ញាធរស្រុកសូទ្រនិគម សម្រេចយកវិទ្យាល័យដំដែក ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

អត្ថបទដោយ៖
ជា សេឌី

នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់គួរឲ្យពួ្រយបារម្ភ និងមិនដែលធ្លាប់មាននៅក្នុងខេត្តសៀមរាប ។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារនៅហាងពិភពធម្មជាតិ  ។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ដោយសារតែអ្នកវិជ្ជមានកូវីដ-១៩នៅតំបន់នេះ មានការកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឲ្យរដ្ឋបាលស្រុកយកទីតាំងវិទ្យា     ល័យដំដែក ស្ថិតនៅក្នុងទីរួមស្រុកសូទ្រនិគម ធ្វើជាកន្លែងព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលមកពីស្រុកចំនួន៣ជាប់ព្រំប្រទល់គ្នា គឺសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ  ។  ឥឡូវនេះអាជ្ញាធរស្រុកបានរៀបចំកន្លែងរួចរាល់ហើយ ដែលជំហានដំបូងនេះ ទីតាំងនេះអាចដាក់អ្នកជម្ងឺបានចំនួន៦០នាក់  ។  លោកបានបន្តថា ដោយសារតែអ្នកពាក់ព័ន្ធមានច្រើន ដូចនេះក្រុមគ្រួពេទ្យ បានចុះទៅយកសំណាកពួកគាត់នៅតាមគោលដៅនីមួយៗ ដោយមិនឲ្យពួកគាត់ប្រមូលផ្តុំគ្នាច្រើននោះទេ ។  ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរមិនទាន់សម្រេចបិទភូមិណាមួយនៅឡើយទេ ដោយសម្រេចបិទតែតាមតំបន់មួយៗ ដែលមានការប៉ះពាល់ប៉ុណ្ណោះ ព្រោះនៅតំបន់ជនបទអ្នកភូមិរស់នៅឆ្ងាយៗពីគ្នា  ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបង្ហាញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ  មានការឆ្លងរាលដាជម្ងឺ កូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់ (ស្រុកសូទ្រនិគម៣១នាក់ និង ស្រុកជីក្រែង៣៥នាក់) ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភព នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩នៅឡើយ ។  រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជូន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ”៣កុំ  ៣ការពារ” និងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ  ៕ ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner