ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតី។ ក្នុងពេលនេះបញ្ហា និងសំពាធតិចតួចអាចកើតឡើងក្នុងរង្វង់ការងារ ដូច្នេះត្រូវប្រុងប្រយ័ត្ន ហើយព្យាយាមសម្របខ្លួនឲ្យបានល្អ។ ទោះបីជាយ៉ាងនេះក្តី គ្មានអ្វីដែលលោកអ្នកគួរព្រួយបារម្ភពេកទេ ពីព្រោះលោកអ្នកមានមនុស្សជួយយកអាសារ។ ប្រការគួរប្រយ័ត្នបន្ថែមទៀត គឺមិនត្រូវមើលងាយស្ថានការណ៍នោះទេ។ ហើយសូមព្យាយាមប្រាស្រ័យទាក់ទងនឹងមនុស្សផងគ្នាឲ្យបានច្រើន។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនឹងទទួលផលដ៏ល្អប្រសើរ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានផលចំនេញច្រើនក្នុងពេលនេះ។ ចំពោះបញ្ហាក្នុងថ្ងៃនេះមិនទាន់អាចកំណត់បានឡើយ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយរក្សាអាកប្បកិរិយា និងភាពសំដី។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ នោះប្រាកដណាស់ថាលោកអ្នកអាចកែប្រែភាពលំបាកក្នុងពេលនេះបាន។ សម្រាប់ពេលវេលា គឺលោកអ្នកមានគ្រប់គ្រាន់សម្រាប់បំពេញការងារ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកទេ។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់លោកអ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នានៅឡើយទេ។ លោកអ្នកអាចប្រទះភាពអសកម្ម ពិសេសការទទួលឥទ្ធិពលអវិជ្ជមានពីបរិស្ថានជុំវិញខ្លួន ហេតុនេះសូមរៀនសម្របតាមស្ថានការណ៍ជាក់ស្តែង។ ក្នុងថ្ងៃនេះការនិយាយស្តីច្រើនមិនជាជម្រើសល្អនោះទេ ពីព្រោះបំណងល្អរបស់អ្នកក៏អាចបង្កើតជាទោសកំហុសបាន។ ដោយឡែកលោកអ្នកគួររក្សាស្ថានភាពការងារឲ្យនៅធម្មតាសិន ហើយរងចាំឳកាសល្អ។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់អ្នកប្រព្រឹត្តិទៅដោយរលូន។ លោកអ្នកអាចផ្លាស់ប្តូរការងារដែលអ្នកមិនពេញចិត្ត ដោយសារក្នុងពេលនេះស្ថានភាពខាងក្រៅកំពុងមានភាពវិជ្ជមាន។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយថ្នាក់លើ តែសូមនិយាយតែកិច្ចការងារណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់អាជីពរបស់អ្នក។ ក្នុងពេលនេះសូមប្រយ័ត្នភាពខ្វះចន្លោះនានាទាក់ទងនឹងវិធីសាស្រ្តអនុវត្តការងារ អ្នកគួរពិនិត្យឲ្យបានច្រើនមុនសម្រេចចិត្ត។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានាទទួលបានភាពចម្រើនលូតលាស់។ លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានភាពការងារ និងមានភាពចុះសម្រុងល្អជាមួយមនុស្សនៅជុំវិញ រួមទាំងដៃគូជំនួញ ដូច្នេះវាបង្ករភាពងាយស្រួលដល់ការងារទាំងឡាយដែលអ្នកចង់ធ្វើ។ ចំពោះពេលវេលា គឺគ្មានអ្វីត្រូវវោទនោះទេ អ្នកមានពេលវច្រើនក្នុងការបំពេញការងារ។ ដោយឡែកសម្ពាធខ្លះអាចកើតឡើងពីស្ថានភាពសុខភាពរបស់អ្នក ដូច្នេះសូមព្យាយមសម្រាកឲ្យបានច្រើន។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អប្រសើរទេក្នុងពេលនេះ ដូច្នេះវាមានភាពចាំបាច់ណាស់ ដែលលោកអ្នកត្រូវប្រឹងប្រែងបន្ថែម។ ក្នុងនោះដែរ លោកអ្នកក៏អាចជួបប្រទះភាពមិនរីករាយ ឬបញ្ហាតូចតាចដែលបង្ករនៅក្នុងក្រុមការងារផងដែរ ដូច្នេះវិធិសាស្រ្តល្អ គឺការអត់ធ្មត់ និងព្យាយាមឆ្លើយតបដោយហេតុផល។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលពីទំនាក់ទំនងល្អកន្លងមក ដូច្នេះស្ថានភាពលំបាកអាចនឹងបន្ធូរបន្ថយបាន។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី។ លទ្ធភាពដែលលោកអ្នកទទួលបានជោគជ័យធំដុំមានកំរិតខ្ពស់ ដូច្នេះសូមរក្សាអាកប្បកិរិយា និងឆ្លើយតបទៅតាមសភាពការដោយភាពឆ្លាតវៃ និងប្រុងប្រយ័ត្ន។ លោកអ្នកអាចប្រទះនឹងការខាតបង់តិចតួចផ្នែកហិរញ្ញវត្ថុ ដូច្នេះការចំណាយ និងបញ្ហាខ្ចីបុលមិនគួរពាក់ព័ទ្ធនោះទេ។ អ្នកគួររស់នៅដោយស្ងប់ស្ងៀមទើបជាការល្អប្រសើរ។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមប្រើប្រាស់ហេតុផលឲ្យបានក្នុងកំរិតអតិបរមា។ រក្សាភាពឆេវឆាវរបស់ខ្លួនជានិច្ច ហើយបោះបង់ចោលគំនិតយោបល់ទាំងឡាយណាដែលយល់ជាមិនបានជាប្រយោជន៍សម្រាប់ការងារ និងអាជីវកម្មក្នុងវេលានេះ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួនប្រាណ ពីព្រោះទំនាក់ទំនងមានភាពចាំបាច់បំផុតសម្រាប់ការងាររបស់អ្នក។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមផ្សារភ្ជាប់ការងារជាមួយគម្រោងផែនការជានិច្ច ពីព្រោះភាពភ្លេចភ្លាំងអាចកើតឡើងក្នុងថ្ងៃនេះ ហើយពិបាកក្នុងការស្តារស្ថានភាពជាថ្មី។ ក្នុងនោះដែរ ប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរអ្នកគ្រប់គ្រង នោះលោកអ្នកអាចមានឳកាសបង្ហាញការងារបានល្អប្រសើរជាងមុន។ ក្រៅពីនេះ សូមប្រយ័ត្នមនុស្សដែលមកពីខាងក្រៅ គេអាចនឹងរំខានភាពរីករាយរបស់អ្នកបាន។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារទាំងឡាយបានក្នុងពេលនេះ ហើយលាភសំណាងក៏នឹងអាចកើតឡើងស្របពេលជាមួយគ្នាដែរ។ ក្នុងពេលដែលលោកអ្នកមានមនុស្សច្រើនជួយទំនុកបម្រុង ក៏មានមនុស្សមួយចំនួនមិនសប្បាយចិត្តនឹងអ្នកដែរ ដូច្នេះសូមរក្សាខ្លួន និងកុំបង្ហាញការងារ ឬស្ថានភាពរបស់អ្នកទៅកាន់មជ្ឈដ្ឋានខាងក្រៅ។ ក្នុងនោះជាជឿជាក់ត្រូវមានការវាតតម្លៃឲ្យបានម៉ត់ចត់។ ដោយឡែក លោកអ្នកអាចមានលទ្ធភាពកែប្រែស្ថានភាពលំបាកឲ្យទៅល្អវិញបាន។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារទាំងឡាយដំណើរទៅដោយរលូន។លោកអ្នកមានមនុស្សគាំទ្រ និងជួយយកអាសារ។ ក្នុងនោះកិច្ចការងាររបស់អ្នកអាចប្រទះនឹងភាពប្រែប្រួលមួយចំនួន ដូច្នេះសូមក្តោបក្តាប់ស្ថានភាព និងពត៌មានថ្មីៗជានិច្ច។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំបារម្ភខ្លាំងពេក ពីព្រោះទាំងនេះជាស្ថានភាពបណ្តោះអាសន្ន ហើយអាចដោះស្រាយបាន។ ក្រៅពីនេះសូមមានការប្រុងប្រយ័ត្នជម្លោះដែលអាចកើតឡើងដោយភាពមិនច្បាស់លាស់ ឬការលាក់បាំងក្នុងរង្វង់ការងារ។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះគ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខរបស់អ្នកទេ។ ក្នុងនេះពេលវេលាល្អ គឺមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចសម្រេចធ្វើការងារ ឬរៀបចំពិធីមង្គលនានាតាមក្តីប្រាថា្ន។ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បញ្ចប់កិច្ចការងារក្រោមការទទួលខុសត្រូវរបស់ខ្លួនឲ្យបាន។ កុំបណ្តោយឲ្យស្ថានភាពខាងក្រៅជះឥទ្ធិពលដល់ការងាររបស់អ្នក ហើយក្នុងនោះការជឿជាក់លើសមត្ថភាពរបស់ខ្លួនគឺសំខាន់ណាស់។
ចំណាំៈ
ឆ្នាំទាំង៣ ឆ្លូវ រោង រកា រាសីឡើងខ្ពស់ត្រដែតណាស់។
លាភសក្ការៈ លុយកាក់ មុខតំណែងការងារ នឹងកើតឡើងក្នុងពេលនេះយ៉ាងប្រាកដណាស់ ចំណែកភាពរីករាយនៅក្នុងគ្រួសារមានពេញបរិបូណ៌។