ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនិងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត

អត្ថបទដោយ៖
ធី ដា

ថ្ងៃពុធ ១៤រោច ខែជេស្ឋឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធិភាពថែមទៀត ។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ និងមានការតភ្ជាប់តាមរយៈ វីដេអូ Zoom ពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

កិច្ចប្រជុំផ្ដោតលើវឌ្ឍនភាពការងារពិនិត្យពិភាក្សាបញ្ហាប្រឈម ចំណុចខ្វះចន្លោះនៃការអនុវត្តកន្លងមកទាំងការងារគ្រប់គ្រងដឹកនាំ បញ្ហាប្រឈម ការដោះស្រាយ និងចំណុចខ្លាំង ចំណុចខ្សោយ ពាក់ព័ន្ធការងារបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត ។ ពិសេសក្នុងដំណាក់ការចុងក្រោយដែលខេត្តកំពតមានករណីផ្ទុះឆ្លងកូវីត១៩ ជាកំហុសដែលធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញបញ្ហានេះ ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះក្នុងកិច្ចប្រជុំ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា កន្លងមកខេត្តកំពត មានការគ្រប់គ្រងបានល្អបញ្ហាការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តធៀបនឹងខេត្តរាជធានីមួយចំនួនក្នុងប្រទេស ធ្វើឲ្យសេវាកម្មអាជីវកម្មមួយចំនួន ពិសេសភ្ញៀវទេសចរណ៍ក្នុងខេត្តមានលក្ខណៈល្អប្រសើរ ។

ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះមានការផ្ទុះឡើងយ៉ាងគំហុក បានធ្វើឱ្យជំនាញនិងរដ្ឋបាលខេត្ត មានការព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ដែលការចម្លងភាគច្រើនផ្ដើមចេញពីអ្នកពាក់ព័ន្ធក្នុងការផ្ទុះឡើងនៅ casino និងសេវាកម្សាន្តមួយចំនួន ។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា តែទោះបីយ៉ាងណាមកដល់បច្ចុប្បន្ននេះ ស្ថានការគ្រប់គ្រង និងការព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ មានការធូស្រាល យ៉ាងយូរ រយៈពេលមួយអាទិត្យទៀត មានលក្ខណៈល្អប្រសើរឡើងវិញហើយ ។

ឯកឧត្តមជាវ តាយ ក៏បានស្នើដល់ អភិបាលរងខេត្ត ទទួលបន្ទុក ក្រុង ស្រុក ក៏ដូចជាអាជ្ញាធរ ស្រុក នីមួយៗនិងជំនាញពាក់ព័ន្ធកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវផ្ដោតលើការរកទីតាំងដើម្បីធ្វើកន្លែងសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ ឲ្យបានសមរម្យ ចៀសវាងមានការប៉ះពាល់ផ្សេងៗខុសវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ។ រីឯករណីសំណូមពរ ឬកាដោះស្រាយបញ្ហាប្រឈម ចាំបាច់ណាមួយ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវតែធ្វើការដោះស្រាយទំនុកបំរុងឲ្យបានគ្រប់គ្រាន់ទាំងស្បៀងអាហារនិងការព្យាបាល ។

ឯកឧត្តមជាវ តាយ ក៏បានជូនអង្ករចំនួន ១៤តោន ដល់រដ្ឋបាល ក្រុង ស្រុក ចំនួន៧ ដោយឡែកសម្រាប់រដ្ឋបាលស្រុកកំពង់ត្រាច ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ឆ្លងច្រើនទទួលបានអង្ករចំនួន ៦តោន សម្រាប់ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និង បានឧបត្ថម្ភថវិកា សរុប ៨០លានរៀលជូនរដ្ឋបាលក្រុងស្រុកទាំង៨ សម្រាប់ជួយកសាងឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner