រដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង

ខេត្តកោះកុង ៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ កិច្ចប្រជុំនេះ បានធ្វើថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ ដោយមានការចូលរួមមានកពីអភិបាលស្រុកថ្មបាំង បញ្ជាការកងរាជអាវុធហត្ថស្រុក នគរបាលស្រុក ប្រធានមន្ទីរបរិស្ថាន មន្ត្រីឧទ្យាននុរក្ស នាយកទីចាត់ការអន្តរវិស័យ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។

ជាលទ្ធផល ការបោះបង្គោលព្រំដីរដ្ឋ (ដីតំបន់ការពារធម្មជាតិ និងដីឯកជនរបស់រដ្ឋក្នុងស្រុកថ្មបាំង) នៅស្រុកថ្មបាំង ត្រូវបានចាប់ផ្តើមបោះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១មក ដោយចាប់ផ្តើមបោះបង្គោលនៅឃុំតាទៃលើ ។ ចំណុចនិយាមកាដែលត្រូវបោះបង្គោលព្រំដីរដ្ឋក្នុងឃុំតាទៃលើ មានចំនួន ៣០៨ចំណុច (៣០៨បង្គោល) ហើយគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ គឺបោះបង្គោលបានចំនួន ១៦០បង្គោល។

ក្នុងការចុះអនុវត្តបោះបង្គោលព្រំដីរដ្ឋ នៅឃុំតាទៃលើ ស្រុកថ្មបាំងនេះ មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា មានភ្លៀងធ្លាក់ខ្លាំង ផ្លូវពិបាកធ្វើដំណើរ សត្វទៀក ពស់…ដែលជាហេតុបង្ករការលំបាក ដល់ក្រុមការងារក្នុងការចុះរកទីតាំងចំណុចនិយាមកា និងការចុះបោះបង្គោល។ ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋនៅស្រុកថ្មបាំង ខេត្តកោះកុងនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម៖

១-មេភូមិ មេឃុំ រដ្ឋបាលស្រុក ក្រុមការងារមន្ត្រីជំនាញ ត្រូវចុះពិនិត្យ និងបោះបង្គោលតាមចំណុចនិយាមកាដែលបានកំណត់ មិនអាចបោះបង្គោលខុសពីទីតាំងកំណត់តាមការស្នើសុំរបស់ប្រជាពលរដ្ឋឡើយ។

២-មេភូមិ មេឃុំ មិនត្រូវចុះហត្ថលេខាបញ្ជាក់ លើលិខិតទីតាំងដីធ្លី ស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ដី ជាអាទិ៍ នៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀបអភិរក្សជីវៈចម្រុះ ទេ ប្រសិនបើមេភូមិ មេឃុំ ណានៅបញ្ជាក់លើលិខិតដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។

៣-សូមឱ្យមេភូមិ មេឃុំ ធ្វើការផ្សព្វផ្សាយ ពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដីរដ្ឋនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ។

៤-ចំពោះការស្នើសុំចុះបញ្ជីដីរបស់បងប្អូនប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈឃុំ ស្រុក ហើយរដ្ឋបាលស្រុកធ្វើសំណើមករដ្ឋបាលខេត្ត ដើម្បីក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យទីតាំងដីជាក់ស្តែង។

៥-សូមអរគុណដល់ក្រុមការងារបោះបង្គោលព្រំដីរដ្ឋស្រុកថ្មបាំង និងសូមបន្តការខិតខំប្រឹងប្រែងក្នុងការបោះបង្គោលព្រំដីរដ្ឋតាមនិយាមកាដែលបានកំណត់បន្តទៀតបន្ទាប់ពីកិច្ចប្រជុំពិភាក្សាក្នុងសាលប្រជុំសាលាស្រុកថ្មបាំងរួច លោក សុខ សុទ្ធី ក៏បានចុះពិនិត្យទីតាំងបង្គោលព្រំដីរដ្ឋមួយចំនួនផងដែរ ៕ ដោយ យាន ជៀប

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner