ក្រសួងបរិស្ថាននាំអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ

ឯកឧត្តម  នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានដឹកនាំ អ្នកសារព័ត៌មាន មកពី១០ ស្ថាប័នទៅទស្សនានិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងជីវភាពរបស់ពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ទស្សនកិច្ចនេះ បង្ហាញពីសក្តានុពលនៃធនធានធម្មជាតិ និងសត្វព្រៃកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការដៃគូនិងសហគមន៍តំបន់ការពារធម្មជាតិ ដែលបាននិងកំពុងរួមសហការគ្នាការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃនានា។ នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មាន នឹងបានជួបជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ទីរបរិស្ថាននិងមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូរបស់ក្រសួងបរិស្ថាន ដែល កំពុងធ្វើកិច្ចសហប្រតិបត្តិការចូលរួមក្នុងកិច្ចការងារអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិចំនួន ៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦.១២៩,៤១ហិចតា។ តំបន់ការពារធម្មជាតិទាំង បួនគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១០.០០០ គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត ៥ប្រភេទ មាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកសជាដើម។

សូមបញ្ជាក់ថា អ្នកសារព័ត៌មាននឹងបានចូលរួមបើកកម្មវិធីជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន  និងស្វែងយល់ពីកម្មវិធីស្រូវត្រយងដែលអនុវត្តដោយអង្គការ WCS ព្រមទាំងតួនាទី សមិទ្ធផលដែលអង្គការដៃគូបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅខេត្តព្រះវិហារ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner