មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបញ្ជាក់អំពីករណីក្ស័យធនរបស់ក្រុមហ៊ុន គ្រីអេនណឺជី ដែលកំពុងធ្វើអាជីវកម្មប្រេងកាតនៅកម្ពុជា

ភ្នំពេញៈឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលនៅរសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១នេះ បានធ្វើការអធិប្បាយ និងពន្យល់ទាក់ទងនឹងការផ្សាយព័ត៌មានពីការដួលរលំរបស់ក្រុមហ៊ុនប្រេងរបស់ប្រទេសសិង្ហបុរី ឈ្មោះ KrisEnergy នៅពេលថ្មីៗនេះ ។

ឯកឧត្តមបានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានខ្លឹមសារថា មានមិត្តភ័ក្រ និងបងប្អូនជាច្រើន ដែលស្គាល់ខ្ញុំបានចោទសំណួរជាច្រើន ហើយដែលខ្ញុំយល់ថាមានសារៈសំខាន់ណាស់ ក្នុងការពន្យល់ឆ្លើយតបវិញ ចំពោះប្រជាជនយើង ក្នុងកាត្វកិច្ចយើងជាមន្រ្តីសារធារណៈ។

ខ្ញុំពុំមានលទ្ធភាពអាចឆ្លើយបានគ្រប់សំណួរទាំងអស់នោះទេ ប៉ុន្តែខ្ញុំយល់ថា រឿងនិទានដ៏វែងរបស់ខ្ញុំខាងក្រោម អាចនឹងផ្តល់ពន្លឺខ្លះសម្រាប់បងប្អូនជនរួមជាតិយើងពិចារណារស្វែងរកចម្លើយចំពោះសំណួរដែលខ្លួនឯងមាន។

ឯកឧត្តមបានសរសេរថា ក្រុមហ៊ុន KrisEnergyនៅសិង្ហបុរីជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសិង្ហបុរីដែលប្រកបធុរកិច្ចក្នុង វិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះមានធុរកិច្ចខាងអាជីវកម្មប្រេងកាតនៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេស៊ី ថៃ វៀតណាម និងថ្មីៗនេះ នៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia។

ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ២០១៨ មកហើយបានចាប់ផ្តើមលក់សិទ្ធសម្បទាន ប្លុកប្រេងកាតដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែវិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ ២០១៩ ដោយប្រឈមនិងការតឹងទារបំណុលពីម្ចាស់បំណុល។ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការ ការពារពីតុលាការនៅសិង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុនលើកដំបូងនៅដើមឆ្នាំ ២០១៩។

ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាចំពោះការបន្តដំណើរការអភិវឌ្ឍន៍សាងសង់អណ្តូងប្រេងនិងសំណើរ កែប្រែផែនការអណ្តូងប្រេងមកកម្រិតខ្នាតតូចវិញ (បន្ថយពី២០អណ្តូងមកធ្វើតែ៥អណ្តូងវិញ)ដើម្បីសាកល្បងជាបឋម មួយជំហានសិន ហើយស្របតាមស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងនិងស្ថានភាពនៃកូវីឌ១៩ផងក្រុមហ៊ុនក៏បានយកការរំពឹងទុករបស់ខ្លួនលើផលរបស់គម្រោងផលិតកម្មប្រេងនៅប្លុក A របស់កម្ពុជាទៅធ្វើជាអំណះអំណាងពី លទ្ធភាពអាចកែវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញនិងបង្កើតជំនឿចិត្តដល់ម្ចាស់បំណុលធំៗដើម្បីឲ្យផ្តល់ឱកាសបន្ថែមក្នុងការពិនិត្យ លទ្ធភាពប្រែក្លាយបំណុលឲ្យទៅជាការដាក់ទុនចូលក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនវិញ។

ឯកឧត្តមរដ្ឋលេខាធិការបន្តពន្យល់ថា ផ្អែកលើអំណះអំណាងខាងលើ ក្រុមហ៊ុនKrisEnergyត្រូវបានតុលាការសម្រេចផ្តល់ការការពារពីការប្រកាសក្ស័យធនភ្លាមៗ ហើយមានលទ្ធភាពរកហិរញ្ញប្បទានបន្ថែមខ្លះៗមកអភិវឌ្ឍន៍អណ្តូងប្រេងសាកល្បងដំបូងរបស់កម្ពុជា ដើម្បីបញ្ជាក់ដល់ម្ចាស់បំណុលពីលទ្ធភាពស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងលទ្ធភាពដែលម្ចាស់បំណុលអាចនឹងបង្វែរប្រាក់បំណុលទាំងឡាយឱ្យមកជាការដាក់ទុនចូលភាគហ៊ុនក្នុងក្រុមហ៊ុនវិញ។

ក្រោយការផលិតចេញបានដំណក់ប្រេងដំបូងរបស់កម្ពុជាដោយជោគជ័យ នៅចុងឆ្នាំ២០២០ លទ្ធផលនៃកម្រិតបរិមាណផលិតកម្មប្រេងពីអណ្តូងប្រេងសាកល្បងនេះមិនមានកម្រិតដូចអ្វីដែលក្រុមហ៊ុន KrisEnergy បានរំពឹងទុកថាអាចយកជាមូលដ្ឋានស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុដែលខាតពីមុនមក និងផ្តល់ជំនឿដល់ម្ចាស់បំណុលថាអាចប្រែក្លាយបំណុលឲ្យទៅជាការចូលភាគហ៊ុនបាន។ ដូច្នេះកត្តានេះ បានបង្ខំឲ្យក្រុមហ៊ុនអស់ជម្រើសហើយត្រូវដាក់ពាក្យស្នើសុំតុលាការ ដើម្បីប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមានទាំងអស់ យកមកចាត់ចែងសងបំណុល។

ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុននិងចាត់ចែងលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុលប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះតុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជំរៈបិទបំណុលទាំងអស់នោះ។

ឯកឧត្តមសរសេរបន្តថាក្រោយការអនុវត្តនីតិវិធីតុលាការនេះរួចហើយក្រុមហ៊ុន KrisEnergyនឹងត្រូវរំលាយហើយម្ចាស់បំណុល នឹងទទួលបានសិទ្ធចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ នៅពេលនោះម្ចាស់បំណុលអាចចាត់ចែង បន្ត ឬ រកដៃគូរមកចាត់ចែងបន្តលើទ្រព្យទាំងនោះ ផ្អែកលើកិច្ចព្រមព្រៀងប្រេងកាតនិងច្បាប់របស់កម្ពុជា ចំពោះករណីប្លុកប្រេងកាតនៅកម្ពុជា។

ជាបន្តម្ចាស់បំណុលដែលទទួលបានសិទ្ធចាត់ចែងលើក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodiaនឹងត្រូវមកពិភាក្សា ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកការឯកភាពគ្នាមួយក្នុងការបន្តអនុវត្តគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A នេះ យ៉ាងណាទៅមុខទៀត។

ឯកឧត្តមបន្ថែមថា នៅក្នុងដំណាក់កាលរងចាំការចាត់ចែងរបស់តុលាការនិងការចរចាររវាងភាគីម្ចាស់បំណុលដែលទទួល បានសិទ្ធបន្តជាមួយរដ្ឋាភិបាលកម្ពុជា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈមដោយសារ ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍន៍ជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រងចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ចប់ការអធិប្បាយដោយបញ្ជាក់ថា ផលិតកម្មដែលមានសព្វថ្ងៃជាផលិតកម្មដែលផលិតចេញពី អណ្តូងសាកល្បងចំនួន៥អណ្តូង នៅតំបន់ផលិតកម្មតូចមួយនៃប្លុក A ទាំងមូលប៉ុណ្ណោះ មិនមែនប្លុក A ទាំងមូលទេ។ តំបន់នេះមានផ្ទៃក្រឡាសរុបចំនួនប្រហែល ១១០គីឡូម៉ែត្រក្រឡា។ ចំណែកប្លុក A ទាំងមូលមានផ្ទៃក្រឡាសរុប ប្រមាណ ៣.០០០គីឡូម៉ែត្រក្រឡា។ ដោយសារការចាប់ផ្តើមផលិតកម្មសាកល្បងដំបូងនេះ ប្លុកAត្រូវបានប្រែក្លាយជាប្លុកប្រេងកាត ដែលមានការបញ្ជាក់ច្បាស់លាស់ពីលទ្ធភាពផលិតប្រេងរបស់ខ្លួនដូចគ្នានឹងប្លុកប្រេងកាតមួយចំនួនទៀតនៅក្នុងតំបន់នេះផ្ទុយគ្នា និងស្ថានភាពពីមុនដែលកម្ពុជាត្រូវបានគេចាត់ទុកថាជាតំបន់ថ្មីស្រឡាងដែលមានកម្រិតហានិភ័យខ្ពស់៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner