អគ្គរដ្ឋទូតហ្វីលីពីនថ្មី ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋហ្វីលីពីនកំពុងបំរើការងារនៅកម្ពុជា

នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតិអោយលោកជំទាវ Marie Amelita C.Aquino អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងទេសចរណ៍ ។ 

ថ្លែងនៅក្នុងជំនួប ឯ ឧ ថោង ខុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជំងឺកូវីត-១៩ ក៏ដូចជាដោះស្រាយផលប៉ះពាល់អ្នកបំរើការងារលើវិស័យទេសចរណ៍ជាដើម ។ ឯ ឧ រដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាទិសដៅបន្តរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ កំពុងតែអនុវត្តិនូវផែនការស្តារវិស័យទេសចរណ៍អំឡុងពេល និងក្រោយវិបត្តិកូវីត-១៩ បន្ទាប់ពីមានការអនុម័ត និងឯកភាពពីរាជរដ្ឋាភិបាលរួចហើយ ។

ឯ ឧ បានបញ្ជាក់បន្ថែមថា ក្នុងវិបត្តិកូវីត-១៩នេះ ក្រសួងទេសចរណ៍បានដាក់ចេញ២ចំនុចសំខាន់ ទី១-ជំរុញទេសចរក្នុងស្រុកអោយមានសកម្មភាព តែត្រូវគោរពវិធានការសុវត្តិភាពកូវីត-១៩ ៣កុំ៣ការពារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។  ចំនុចទី២  ជំរុញទទួលភ្ញៀវទេសចរណ៍អន្តរជាតិសហការជាមួយក្រសួងសុខាភិបាល  ដោយជំហានទី១ បង្កើតនូវកញ្ចប់ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំងរួច ។ ជំហានទី២ ទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងហើយ ប៉ុន្តែមិនចាំបាច់ជាកញ្ចប់ទេ តែទទួលយកភ្ញៀវទេសចរណ៍ជាគោលដៅណាមានសុវត្តិភាព ហានិភ័យទាប យកមកទស្សនាគោលដៅទេសចរណ៍នៅកម្ពុជាមានសុវត្តិភាព ស្របតាមវិបត្តិកូវីត-១៩ជាក់ស្តែង នៅកម្ពុជា ។ 

ជាការឆ្លើយតប លោកជំទាវ Marie Amelita C.Aquino អគ្គរដ្ឋទូតហ្វីលីពីនថ្មី បានអបអរសាទរដែលកម្ពុជាមានផែនការច្បាស់លាស់ ដោយគិតគូរពីសុវត្តិភាព និងសុខភាពសាធារណជាអត្ថិភាពក្នុងវិបត្តិកូវីត-១៩ ។ ជាមួយគ្នានេះ លោកជំទាវ ក៏ដូចជាប្រជាពលរដ្ឋហ្វីលីពីន សូមថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋហ្វីលីពីនកំពុងបំរើការងារនៅកម្ពុជា ។ លោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីន បានបញ្ជាក់ថា  ពលរដ្ឋហ្វីលីពីនស្រឡាញ់កម្ពុជា ដោយសារមានតំបន់ទេសចរណ៍គួរអោយទាក់ទាញ ដូចជាតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ។ល។ 

ជាចុងក្រោយ ឯ ឧ ថោង ខុន ជំរាបជូនថា នៅក្នុងវេទកាទេសចរណ៍អាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានបង្ហាញឆន្ទៈរៀបចំអោយមានកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានរួមគ្នា ។ ប៉ុន្តែយ៉ាងណាក្តី គឺស្ថិតលើសភាពការណ៍ជាក់ស្តែងក្នុងការទប់ស្កាត់ជំងឺកូវីត-១៩  នៅកម្ពុជា  ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner