គណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ចុះណែនាំចុងក្រោយអោយរុះរើផ្ទះបណ្តែតទឹក និងចល័តបែចិញ្ចឹមត្រីដោយខ្លួនឯង

ភ្នំពេញ៖ ដល់ថ្ងៃឱសាន្តវាទនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដោយទុក រយៈពេល១សប្តាហ៍គិតចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អោយអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ រុះរើដោយ ខ្លួនឯង មកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម ហើយអ្នកទៀតមិនព្រមអនុវត្តតាម ។

ដោយពិនិត្យឃើញថា អ្នកអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងមានតិច ហើយអ្នករឹងរូសមានច្រើន នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , លោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានធ្វើដំណើរតាមអូប័រ៤គ្រឿង ចុះទៅណែនាំជាលើកចុងក្រោយអោយអ្នករស់នៅលើផ្ទៃទឹកទន្លេរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ ដោយខ្លួនឯង បើមិនអនុវត្តតាមទេ គណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។

យុទ្ធនាការថ្ងៃចុងក្រោយដោយដាក់កំហិតអោយរុះរើចេញគ្មានការយោគ យល់នេះ កម្លាំងចម្រុះបានអនុវត្តចាប់ពីសង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដោយអោយរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ ចេញអោយអស់ បើមិនព្រមរុះរើដោយខ្លួន ឯងទេ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ និងចាត់វិធានការរដ្ឋបាលទ្រង់ទ្រាយធំដោយ មិនអូសបន្លាយតទៅទៀតឡើយ ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៍ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានខ្លឹមសាថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១ សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕ សណ្តោស-ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner