ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន ១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ ខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ នៅស្រុកស្រុកសូទ្រនិគម១១នាក់, ស្រុកជីក្រែង២៤នាក់, នៅក្រុងសៀមរាប៦នាក់ និងអ្នកធ្វើដំណើរមកពីប្រទេសថៃចំនួន៨នាក់។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី៩មិថុនា បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១២នាក់ផងដែរ។ អ្នកជាសះស្បើយទាំង១២នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គិតត្រឹមថ្ងៃទី៩មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩៨នាក់ បានព្យាបាលជាសះស្បើយចំនួន១០៣នាក់ ស្លាប់២នាក់ និង១៩៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner