អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកសម្ភារផ្ដល់ជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច

នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ហុឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនមកលើកទឹកចិត្ដដល់ទាហានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង។

សូមបញ្ជាក់ថា សម្ភារៈនេះ បានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យស្រុកព្រះស្តេចទាំងអស់ នាពេលនេះ សំរាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៍លំបាកនៃវិបត្តិកូវីដ-១៩ នេះ។

ឆ្លៀតក្នុងឪកាសនេះ ឯកឧត្ដម អភិបាល ខេត្ត ក៏បានសួរសុខទុក្ខដល់អ្នកឆ្លងជំងឺកូវីដ-១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងផ្តាំផ្ញើរដល់ក្រុមគ្រួសារពួកគាត់ អោយខិតខំរួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ ដោយរួមដៃគ្នាទាំងរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាពិសេស ការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋយើង ដោយការទទួលខុសត្រូវខ្ពស់ចំពោះ សុខសុវត្ថិភាពគ្រួសារ និងសហគមន៍ ក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ នេះ តាមរយះការអនុវត្តអោយបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ដូចជាការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ អោយបានញឹកញាប់ ពាក់ម៉ាស វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាពនៅកន្លែងដែលមានមនុស្សច្រើន «៣ការពារ និង ៣កុំ»។

សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាល ខេត្ត ក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner