អ្នកវិភាគ:ការចោទប្រកាន់របស់អាមេរិក គឺជាការរាយអន្ទាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន

ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា និងអ្នកវិភាគ បានហៅការចោទប្រកាន់គ្មានការពិតពីសំណាក់អនុព័ន្ធយោធាអាមេរិកដែលថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការបំផ្លើស និងមួលបង្កាច់គ្មានការពិត។ ការចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រមួយ ដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ សម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់។ បំផ្លើសនេះ បំផ្លើសនោះ។ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិក បានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១១ ខែមិថុនា ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗ និងការចោទប្រកាន់របស់អាមេរិក។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១២ ខែមិថុនានេះថា ការចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់មួយ។ ជាការដាក់ចេញនៅយុទ្ធសាស្ត្រមួយដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ គោលដៅរបស់របស់សហរដ្ឋអាមេរិក គឺប្រឆាំងនឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម និងនៅកម្ពុជានិយាយដោយឡែក។ នរណាក៏គេដឹងដែរថា កម្ពុជា និងចិន គឺមានទំនាក់ទំនងគ្នាស៊ីជម្រៅជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយតែងផ្តល់ការគាំទ្រទៅវិញទៅមក។ ក៏ប៉ុន្តែទៅជាបែបនេះក្តី គឺកម្ពុជាក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន គឺមិនអនុញ្ញាតឲ្យមានមូលដ្ឋានបរទេសនៅលើទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាកម្ពុជានៅលើទឹកដីបរទេសដែរ លើកលែងតែភាពចាំចាច់ដោយអង្គការសហប្រជាជាតិ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “ការចោទប្រកាន់របស់អាមេរិក គឺជាលេសទោះបីជាកម្ពុជាខិតខំបង្ហាញនៅភាពស្អាស្អំស្មោះត្រង់យ៉ាងណាក៏ដោយគេនៅតែចោទប្រកាន់។ ជាក់ស្តែងក្រសួងការពារជាតិបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សេនាអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកទៅកាន់ទីតាំងមូលដ្ឋានកងទ័ពជើងទឹកនៅរាមហើយ ក៏ប៉ុន្តែគាត់នៅតែមានលទ្ធផលថា អត់បានមើលគ្រប់ទីកន្លែង ដែលគាត់គាត់ដើរមើលដោយសេរី។ អីចឹងយើងសួរច្រាស់ត្រឡប់ទៅវិញថា តើមានប្រទេសណាខ្លះដែលអនុញ្ញាតឲ្យយោធាឱ្យជនបរទេសទៅមើលមូលដ្ឋានកងទ័ពរបស់ខ្លួន។ សួរសហរដ្ឋអាមេរិកខ្លួនឯង ដែលមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅជុំវិញពិភពលោកមិនតិចជាង៨០០ទេ។ សួរថាតើសហរដ្ឋអាមេរិកមានទេ អនុញ្ញាតទេឱ្យជនបរទេសទៅមើលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅបណ្តាប្រទេសទាំងអស់នោះ។ សួរថា តើនេះជាការឆ្លុះបញ្ចាំងពីអ្វីវិញ? គឺមានន័យថា ទោះបីកម្ពុជាទាំងការបកស្រាយ ទាំងការអះអាងជាលាយល័ក្ខអក្សរក្តី ផ្ទាល់មាត់ក្តី រួមជាមួយការធ្វើសកម្មភាពជាក់ស្តែងជាច្រើនដើម្បីលាងជម្រះនូវការសង្ស័យនូវមន្ទិលផ្សេងៗទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនទទួលយកការបកស្រាយរបស់យើងទេ ពីព្រោះគេមានគំនិតបុរេវិនិច្ឆ័យរួចទៅហើយ គឺគេដាក់ការសង្ស័យនេះសំដៅជាការផ្ញើសារទៅដល់ប្រទេសចិន គឺកុំឱ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសណាក៏ដោយនៅអាស៊ីអាគ្នេយ៍ គេហៅថា សង្គ្រាមខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកដែលជាមហាអំណាចចាស់ ជាមួយនឹងចិនដែលជាមហាអំណាចថ្មី។

មែនទែនទៅសហរដ្ឋអាមេរិកតែងតែបារម្ភអំពីការរះឡើងដ៏ត្រដែតរបស់ចិន ដណ្តើមនៅតួនាទីជាមហាអំណាចទី១ ពិភពលោករបស់ខ្លួន ហេតុនេះហើយសហរដ្ឋអាមេរិកបានប្រើប្រាស់នៅយុទ្ធវិធី យុទ្ធសាស្ត្រ ក៏ដូចជារបៀបវារៈជាច្រើនក្នុងការទប់ឥទ្ធិពលរបស់ចិន។ ទប់ទី១.ទប់ឥទ្ធិពលសេដ្ឋកិច្ចកុំឱ្យសេដ្ឋកិច្ចរបស់ចិនស្ទុះលឿនខ្លាំងពេកតាមរយៈសង្គ្រាមពាណិជ្ជកម្ម តាមរយៈយុទ្ធសាស្ត្រដំឡើងពន្ធ។ ទី២.សង្គ្រាមខាងបច្ចេកវិទ្យា ចិនកំពុងតែដឹកមុខខាងបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យា 5G ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច រុញច្រានការអភិវឌ្ឍន៍សេដ្ឋកិច្ច សហរដ្ឋអាមេរិកបានប្រើយុទ្ធសាស្ត្រទប់ស្កាត់កុំឱ្យចិនមានការរីកលូតលាស់ខាងបច្ចេកវិទ្យា។ ទី៣. យុទ្ធសាស្ត្រខាងសន្តិសុខ គឺសហរដ្ឋអាមេរិកបានចាប់ផ្តើមចូលខ្លួនយ៉ាងជ្រៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ក្រោមរូបភាពសេរីភាព នាវាចរណ៍ និងការហោះហើរនៅលើដែនសមុទ្រអន្តរជាតិ។ ដែលបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺមានប្រទេសមួយចំនួននៅអាស៊ានដែលជាប់ពាក់ព័ន្ធក្នុងការប្រកាសអធិបតេយ្យក្នុងដែនសមុទ្រចិនខាងត្បូងដែរ គឺមានបញ្ហាជាមួយចិន។ អីចឹងហើយគឺសហរដ្ឋអាមេរិកចូលខ្លួនមកហាក់ដូចជាបង្ហាញការគាំទ្រសមាជិកអាស៊ានដែលពាក់ព័ន្ធ។ សហរដ្ឋអាមេរិកធ្វើដើម្បីពង្រីកអនុត្តភាពរបស់ភាពសមុទ្ររបស់ខ្លួន ដើម្បីកុំឱ្យចិនគ្រប់គ្រងបាននៅសមុទ្រចិនខាងត្បូង ពីព្រោះវាជាច្រកដ៏សំខាន់ខាងនាវាចរណ៍ ច្រកសំខាន់ខាងយុទ្ធសាស្ត្រ ហើយជាពិសេសធនធានធម្មជាតិដ៏មហាសាលនៅក្រោមសមុទ្រចិនខាងត្បូង ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ដង្ហើមសេដ្ឋកិច្ច សម្រាប់ភាពមានបានរបស់ចិន ហេតុនេះហើយសហរដ្ឋអាមេរិកត្រូវទប់ឥទ្ធិពលចិន។ ទី៤. ពាក់ព័ន្ធជាមួយការកៀរគរសម្ព័ន្ធមិត្តក្រៅតែពីការធ្វើសិកម្មភាពជាឯកតោភាគីសហរដ្ឋអាមេរិក បានកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីនឹងព្រួតគ្នាទប់ចិន ជាពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិក គឺគេបង្កើតសម្ព័ន្ធភាពចតុភាគីដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ដោយឡែកនៅជ្រុងម្ខាងទៀត គឺគេប្រើប្រាស់យន្តការរបស់ណាតូ (សម្ព័ន្ធណាតូ) ពង្រឹងសាមគ្គីភាពរបស់ណាតូក៏សំដៅទប់ចិនដែរ។ ហើយក្រៅពីនេះទៀត គឺសហរដ្ឋអាមេរិកចាប់ផ្តើមប្រើប្រាស់នយោបាយគៀងគរដើម្បីធ្វើយ៉ាងណាឲ្យរូបភាពរបស់ចិនអ័ព្ទពណ៌ ដូចជាករណីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬហៅថា កូវីដ១៩ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យខូចមុខមាត់របស់ចិនដែរ”។

លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា សរុបមកវិញអ្វី គឺអ្វីដែលជាការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅសមុទ្ររាម វាជាការរាយអន្ទាក់មួយដើម្បីផ្ញើសារទៅកាន់ទីក្រុងប៉េកាំងពាក់ព័ន្ធនិងឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយទោះបីជាកម្ពុជាអះអាងប្រកាសខ្លួនជាលាយល័ក្ខអក្សរក្តី ជាផ្ទាល់មាត់ក្តីក៏យើងឃើញថា សហរដ្ឋអាមេរិកក៏មិនព្រមជឿទៅលើអ្វីដែលជាការអះអាងរបស់កម្ពុជា ទោះបីជាខំប្រឹងធ្វើសកម្មភាពជាក់ស្តែងមួយចំនួនក៏ដោយ។

ទាក់ទងនឹងការចោទប្រកាន់របស់អាមេរិករឿងមូលដ្ឋានយោធាចិននៅកំពង់ផែរាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថា រឿងយោធារបស់ចិនម្តងហើយម្តងទៀត អំពីថាកំពង់ផែសមុទ្ររាម ឬក៏តំបន់ទេសចរណ៍តារាសាគរអាចនឹងក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន តើយើងត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអីនៅកម្ពុជា? តើមានកាចាំបាច់ទេ ? ហើយទៅវ៉ៃជាមួយអ្នកណា វាគ្មានការចាំបាច់ទាល់តែសោះសម្រាប់កម្ពុជា។ រីឯចិនវិញគាត់ចាំបាច់ដាក់កងទ័ពនៅស្រុកខ្មែរធ្វើអី បើចិននិងកម្ពុជាជិតតែគ្នា។ អ៊ីចឹងគាត់ចាំបាច់មកដាក់ទ័ពនៅកម្ពុជានាំបង្កើតរឿងធ្វើអី? គាត់ដាក់ទ័ពនៅស្រុកគាត់ បើសិនជាមានបញ្ហាកើតឡើងនៅសមុទ្រចិនខាងត្បូងតែមួយភ្លេតគាត់ចល័តបាន។ គាត់ចាំបាច់មកដាក់នៅស្រុកខ្មែរនាំឱ្យមានរឿង។ ជាពិសេសកម្ពុជាខ្លួនឯងចំណងនៅក្នុងរដ្ឋធម្មនុញ្ញហាមឃាត់ទីតាំងយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ឬទីតាំងយោធាខ្លួននៅលើទឹកដីលើទឹកដីប្រទេសក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមកដល់ពេលនេះកងទ័ពរបស់យើងកំពុងនៅអាហ្វ្រិកណ្តាល នៅម៉ាលី នៅស៊ូដង់ ស៊ូដង់ខាងត្បូង និងនៅលីបង់
សម្តេចតេជោបានបញ្ជាក់ថា មិនថាចិន ឬក៏អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីរបស់កម្ពុជាទេ។ ការហ្វឹកហាត់រួមគ្នា គឺជារឿងធម្មតាខ្លាំងណាស់ ហើយការចុះចូលចតរបស់នាវាចម្បាំងរបស់ប្រទេសក្រៅនៅកំពង់ផែព្រះសីហនុយើងនៅបន្តទទួល។ ហើយចុះម៉េចឃើញតែចិន បើខ្លួនឯង(អាមេរិក) ចូលដែរនឹង។

ជាមួយគ្នានេះ ក៏មានមតិប្រជាជនឆ្លើយតបការឡាំប៉ារបស់ស្ថានទូតអាមេរិកទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ដោយបានលើកឡើងថា៖
១. មូលដ្ឋានយោធាគឺជាកន្លែងលាក់ការណ៍សម្ងាត់ជាតិ មិនមែនសួនច្បារសំរាប់ដើរទស្សនាកម្សាន្តទេ។
២. នៅលើលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យជនបរទេសមកត្រួតពិនិត្យមូលដ្ឋានយោធាដូចកម្ពុជាអនុញ្ញាតចំពោះអាមេរិកទេ។
៣. បើអ្នកជាភ្ញៀវមកលេងផ្ទះយើង សូមអង្គុយនៅកន្លែងទទួលភ្ញៀវដោយថ្លៃថ្លូរ។ កុំចេះតែទារចូលមើលគ្រប់កន្លែង។
៤. វាជាការមើលងាយចំពោះកម្ពុជាពីសំណាក់អាមេរិក ដែលមានចេតនារំលោភលើអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។
៥. ប្រវត្តិសាស្ត្រយើងប្រាប់រួចហើយ សង្គមរាស្ត្រនិយមលំអៀងទៅចិនត្រូវរលាយ សាធារណរដ្ឋខ្មែរលំអៀងទៅអាមេរិករលាយ កម្ពុជាប្រជាធិបតេយ្យលំអៀងទៅចិនរលាយ និងស្លាប់ខ្មែរជាង ៣លាននាក់។ ដើម្បីសុខដុមរមនានៃប្រជាជាតិខ្មែរ កម្ពុជាត្រូវរាប់អានប្រទេសទាំងអស់ជាមិត្តដើម្បីផលប្រយោជន៍ជាតិ។
៦. វាមិនមានប្រយោជន៍សំរាប់កម្ពុជាទាល់តែសោះដែលទៅប្រលែងលេងជាមួយប្រទេសមហាអំណាចពិភពលោកមួយដែលធ្លាប់ទម្លាក់គ្រាប់បែកមកលើក្បាលប្រជាជនខ្មែរសរុប ២លាន៨សែនតោន និងគ្រាប់បែកគីមី រាប់ពី១៩៦៥-១៩៧៣។ នេះបើតាមទិន្នន័យលោក Bill Clinton ឆ្នាំ២០០០៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner