សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាឱ្យស្រាវជ្រាវរកអ្នកដែលយកលុយពីប្រជាពលរដ្ឋដើម្បីបានចាក់វ៉ាក់សាំង

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវឲ្យបានច្បាស់ករណីបុគ្គលមួយចំនួនបានយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងទទួលបានប័ណ្ណចាក់វ៉ាក់សាំងដើម្បីយកមកចាត់វិធានការតាមច្បាប់ ពីព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមិនយកលុយនោះទេ។

ការបញ្ជាឱ្យស្រាវជ្រាវរកក្រុមមនុស្សខិលខូចយកលុយពីប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើង នៅក្នុងខណ្ឌចំនួន៦នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះថា “រឿងនេះគ្រាន់តែ យើងមានព័ត៌មានថា មានអ្នកខ្លះយកលុយពីប្រជាពលរដ្ឋប៉ុន្តែវាមិនទាន់មានសភាពជាក់ស្តែងទេ បានជាខ្ញុំប្រាប់ទៅបងប្អូន​ស្រាវជ្រាវមើលឱ្យច្បាស់មើលអ្នកណា? បើអ្នកណាហ៊ានប្រព្រឹត្តរបៀបនឹង យើងមិនបណ្តែតបណ្តោយឲ្យធ្វើបែបនេះ បានទេ។ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ព្រោះប្រមុខដឹកនាំរបស់យើង បានបញ្ជាក់ហើយបញ្ជាក់ទៀត ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមិនយកលុយទេ”។

សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា “បើសិនជាអ្នកណាយកលុយក្នុងទម្រង់ណាមួយ គឺយើងនឹងមានវិធានការហើយ ចាត់ទុកថា ដើរផ្ទុយពីបំណងប្រាថ្នារបស់ប្រមុខដឹកនាំហើយ”។

សូមជម្រាបថាក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១។


យោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនាម្សិលមិញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១លាន ៣សែន ៤២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩ ៩៣៩០២នាក់ ខណៈចាក់លើកទី២មានចំនួន ១១៤១៥៥០នាក់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner