កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ កម្ពុជា-សិង្ហបុរី បានបង្ហាញជំហររួមគ្នាក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យ ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  និងលោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីនៅ១៥ ខែមិថុនា ឆ្នាំ២០២១ នេះលោកជំទាវ Teo Lay Cheng បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

        ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

ព្រមជាមួយគ្នានេះឯកឧត្តរដ្ឋមន្ត្រី អ៊ិត សំហេង ស្នើបន្តការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យTVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរីនៅឡើយដែលនាំអោយមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី។

ឯកឧត្តមរដ្ឋមន្ត្រីបានបានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ)។

       ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកជំទាវរីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀត។

គួរបញ្ជាក់ថានៅក្នុងជំនួបនេះដែរ ស្របពេលដែលកម្ពុជា កំពុងប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈ  លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» លោកជំទាវអគ្គរដ្ឋទូតក៏បានចូលរួមសម្តែងការអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងការប្រារព្វទិវានេះផងដែរ៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner