អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តធ្វើការអភិវឌ្ឍន៍កែលម្អច្រាំងស្ទឹងសង្កែ ឲ្យប្រែក្លាយ ជាតំបន់ទេសចរណ៍ក្នុងទីប្រជុំជនខេត្តរបស់ខ្លួន និងដើម្បីប្រកួតប្រជែងប្រលងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១

    បើទោះបីបញ្ហាប្រឈមពីការរាតត្បាត នៃជម្ងឺកូវីដ-19បានញាំញីលើពិភពលោកនិងជាពិសេសប្រទេសកម្ពុជានិងផលប៉ះពាល់ដល់ខេត្តកន្លងមកនេះក៏ដោយ។ ក៏គម្រោងផែនការ ការអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបង នៅតែបន្តរៀបចំការស្តារឲ្យប្រសើរឡើងជាបណ្តើរៗផងដែរ ទាំងនៅក្នុងទីក្រុង និងទីជនបទនានាក្នុងខេត្តទាំងមូល។ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមចាំបាច់មួយចំនួន ដែលជាតំរូវការនិងបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តទាំងមូលផងដែរ។

     ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១នេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបន្តធ្វើការអភិវឌ្ឍនូវច្រាំងស្ទឹងសង្កែនៅចន្លោះស្ពានថ្មសម្តេចតេជោសែន និងស្ពានថ្មថ្មី”១៣មករា”ស្ថិតនៅមុខសាលាខេត្តបាត់ដំបងបន្ថែមទៀត។ ក្នុងគោលដៅដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែង នូវ ទីក្រុងស្អាតឆ្នាំ២០២១ខាងមុខនេះ។ហើយអ្វីដែលផ្តោតនូវគោលបំណងសំខាន់ទៀតនោះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ចង់ប្រែក្លាយច្រាំងស្ទឹងសង្កែនៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ទៅជាតំបន់បំរើដល់វិស័យទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្តខ្លួនក្រោយពីបញ្ចប់ការសាងសង់គម្រោងមួយនេះ ជាស្ថាពរ នៅដើមឆ្នាំ២០២២ខាងមុខ។

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ដោយមានការចូលរួមពីវិស័យឯកជនជាមួយនិងរដ្ឋបាលខេត្ត បានបន្តអភិវឌ្ឍន៍ធ្វើនូវច្រាំងស្ទឹងសង្កែ ដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងបាត់ដំបង ក៏ដូចជាប្រកួតប្រជែងនិងធ្វើការប្រលងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១ និងដើម្បីជាការទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន រួមទាំងបង្កើននូវប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក្នុងខេត្តថែមទៀតផង ។ 

     ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងពិធីក្រុងពាលីបើកការដ្ឋានធ្វើច្រាំងស្ទឹងសង្កែ ក្រោមអធិបតីភាព របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកឧកញ៉ា ហេង តុលា ដែលជាម្ចាស់វិនិយោគក្នុងការសាងសង់ច្រាំងស្ទឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១។

     ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងទៀតថា៖ ច្រាំងស្ទឹងសង្កែដែលត្រូវធ្វើនេះ គឺត្រូវធ្វើការរៀបចំកែលម្អទាំងត្រើយខាងលិចនិងត្រើយខាងកើត ដែលសរុបជាង ២០០ម៉ែត្រ។ ហើយការធ្វើនេះ ពិតជាបម្រើនូវផលប្រយោជន៍សាធារណៈជាច្រើន ក្នុងនោះ៖ដូចជាការជួយទប់ច្រាំងស្ទឹងកុំឲ្យបាក់ច្រោះដីនៅពេលដែលមានទឹកជំនន់ជន់ឡើងម្ដងៗ តែងតែមានការបាក់ស្រុតច្រាំងស្ទឹង ។

       ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា៖ ការរៀបចំច្រាំងស្ទឹងសង្កែនេះ ក្នុងនោះក៏មារៀបចំធ្វើនូវ”វេរ៉ងដារ” ដែលអាចឲ្យភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានហាត់កីឡា ដើរហាត់ប្រាណ នឹងថែមទាំងជួយបង្កើននូវសោភ័ណភាពក្នុងក្រុងបាត់ដំបង ក៏ដូចជាការត្រៀមខ្លួន ចូលរួមប្រកួតប្រជែកទីក្រុងស្អាត នៅឆ្នាំ២០២១នេះ ផងដែរ។

       ដោយឡែកលោកឧកញ៉ា ហេង តុលា ដែលជាម្ចាស់វិនិយោគនិងបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ធ្វើច្រាំងស្ទឹងសង្កែទាំងសងខាង ដែលស្ថិតនៅចន្លោះស្ពានថ្មសម្តេចតេជោហ៊ុនសែន និង ស្ពានថ្មថ្មី១៣មករា មុខសាលាខេត្តបាត់ដំបង ប្រវែងជាង ២០០ម៉ែត្រនេះគឺជាការចូលរួមក្នុងការអភិវឌ្ឍច្រាំងស្ទឹងសង្កែនេះគឺដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ឲ្យកាន់តែមានភាពល្អប្រសើរ និងជាកន្លែងដ៏គួរឲ្យទាក់ទាញដល់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តនៅក្នុងខេត្តកាន់តែកើនច្រើនឡើងថែមទៀត។ ដោយលោកឧកញ៉ា បានសង្កត់ធ្ងន់បញ្ជាក់ថា ៖គម្រោងសាងសង់ច្រាំងស្ទឹង ដែលត្រូវធ្វើនេះ ដោយនៅត្រើយខាងកើត ត្រូវធ្វើជាជញ្ជាំងបេតុងដើម្បីជួយទប់ទឹកជំនន់កុំឲ្យបាក់ច្រាំង។ និងនៅត្រើយខាងលិច រៀបចំធ្វើជាជញ្ជាំងបេតុងជាថ្នាក់ៗ ដោយមានដាំស្មៅ និងងាយស្រួលដល់ភ្ញៀវទេសចរណ៍ ដែលចង់ជិះទូកលេងអាចចុះតាមទីតាំងមួយនេះបាន។ហើយនៅក្នុងស្ទឹងក៏មានរៀបជាចំភ្លើងពណ៌និងបាញ់ទឹកចេញពីកណ្តាលស្ទឹង ថែមទៀតផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner