គិតត្រឹមចុងសប្តាហ៍ទី២នៃខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ម៉ឺននាក់ (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៧ម៉ឺន៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ៧ម៉ឺន១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៧៥៤នាក់ ។

គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖ រាជធានីភ្នំពេញ៖ ១ម៉ឺន៤ពាន់៣៧៨នាក់ ខេត្តកំពង់ស្ពឺ ៖ ១ម៉ឺន៥១៥ នាក់, ខេត្តកំពត៖ ៧ពាន់៨៤៩នាក់, ខេត្តព្រះសីហនុ៖ ៧ពាន់៧៩នាក់, ខេត្តបាត់ដំបង ៖ ៦ពាន់៧៩៤នាក់ និងខេត្តកណ្តាល៖ ៤ពាន់២០៨នាក់ ។ ឯកឧត្តម​រដ្ឋមន្ត្រីបន្ថែមថា ចំនួននេះមានការថយចុះប្រមាណ៩.៥៩% បើធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩ភាគរយ ។ ការកើនឡើងនៃជំងឺកូវីដ-១៩នៅតាមតំបន់ខ្លះៗនៃរាជធានី-ខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ បើធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ» ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner