សហព័ន្ធការ៉ាតេកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ នាឆ្នាំ២០២២ (Video Inside)

សហព័ន្ធកីឡាការ៉ាតេកម្ពុជា គ្រោងរៀបចំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីជាការវាស់ស្ទង់កម្រិតបច្ចេកទេសត្រៀមឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាសំណើរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលបានទទួលការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកវ៉ាត់ ចំរើន បានលើកឡើងថា ដំបូងឡើយព្រឹត្តិការណ៍កម្រិតតំបន់នេះគ្រោង ធ្វើនៅក្នុងឆ្នាំ២០២១នេះ ប៉ុន្តែដោយស្ថានភាពមិនអំណោយផល និងស្របពេលឆ្នាំនេះ មានការប្រកួតជើងឯក អាស៊ីអាគ្នេយ៍នៅវៀតណាមផងទៀតនោះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើលើកទៅធ្វើនៅឆ្នាំក្រោយវិញ។ លោកវ៉ាត់ ចំរើន បានចាត់ទុកថា ព្រឹត្តិការណ៍ប្រកួត គឺជាការប្រកួតត្រៀមលក្ខណៈមុនការរៀបចំកីឡា ស៊ីហ្គេមដែលកម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។

ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាការ៉ាតេជើង ឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាយុទ្ធសាស្ដ្រ និងការជំរុញរបស់ឯកឧត្តមអគ្គបណ្តិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងការរៀបចំឲ្យមានការប្រកួតអន្ដរជាតិ ដើម្បីវាស់ស្ទង់កម្រិត បច្ចេកទេស ដែលខិតខំបង្កើនការហ្វឹកហាត់ជាមួយគ្រូបង្វឹកដែលមានគុណវុឌ្ឍខ្ពស់មកពីបរទេស ដើម្បីសម្រួច និងត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner