កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុបចំនួន១០០នាក់ នឹងចូលរួម «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC គូសបញ្ជាក់កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា ទិវាអូឡាំពិក គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC។ ជារៀងរាល់ឆ្នាំ អូឡាំពិកអន្តរជាតិ តែងតែដាក់ចេញឲ្យបណ្តាប្រទេសនានានៅលើពិភពលោក រៀបចំទិវាអូឡាំពិកពិភពលោក នៅក្នុងខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយក្រើនរំឭកនូវចលនាអូឡាំពិក ដាស់ស្មារតីមនុស្សជាតិនៅលើពិភពលោក ឲ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត សកម្មភាពកីឡា។

នៅក្នុងការរំឭកគុណនៃទិវាអូឡាំពិកនេះ NOCC នឹងប្រារព្ធពិធីដ៏ពិសេសមួយ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ឲ្យធ្វើដូចៗគ្នា ដូចជាការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺកូវីដ-១៩។ ដូច្នេះ មានន័យថា ទិវាអូឡាំពិកនេះ នឹងបំផុសឲ្យកីឡាករ កីឡាការិនី បានរស់នៅដោយសកម្ម ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ក្នុងបរិបថថ្មី ដែលមិនអាចធ្វើទំនាក់ទំនងបានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។

«ដូច្នេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រមែលប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិក នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបបនៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឲ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។

ដូច្នេះ យើងនឹងរួមគ្នាហាត់ប្រាណតាមប្រព័ន្ធអនឡាញ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា តាមការគ្រោងទុក នឹងមានកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner