កម្ពុជា ស្នើឱ្យស៊ុយអែត បន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ របស់ខ្លួនមកកម្ពុជា

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងឳកាសដែលលោក បានទទួលជួប លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ លោកមរដ្ឋមន្រ្ដីប៉ាន សូរស័ក្ដិ បានជម្រាបជូន លោកឯកអគ្គរាជទូតស៊ុយអែត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសំណូមពរឲ្យលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា។ ជាមួយគ្នានោះ ការវិនិយោគលើវិស័យដទៃរួមមាន ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិចក៏មានសក្ដានុពលផងដែរ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ផងដែរ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។ លោកឯកអគ្គរដ្ឋទូតបានបង្ហាញជំនៅថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន៦៤លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារអាមេរិក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner