គិតត្រឹមខែមេសាឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងសម្រេចបានទឹកប្រាក់១៥៧លានដុល្លារ (មានវីដេអូ)

ភ្នំពេញ៖ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន៤៥៦លានដុល្លារ និងគិតត្រឹមខែមេសា ឆ្នាំ២០២១នេះ មានទឹកប្រាក់ចំនួន១៥៧លានដុល្លារ ។

របាយការណ៍ខាងលើនេះត្រូវបានបង្ហាញអោយដឹងនៅក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈដែលលោកជំទាវបានបញ្ចប់អាណត្តិកបេសកកម្មការទូតនៅកម្ពុជា ។ នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិត ផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជានៅក្រោយ​វិបត្តិកូវីដ-១៩ ។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ននាពេលកន្លងមកផងដែរ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner