ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ និងគ្រឿងបន្លាស់ទៅកាន់ទីផ្សារអន្តរជាតិសរុបជិត២០០លានដុល្លារ កើនឡើងជាង៣២ភាគរយ (មានវីដេអូ)

ភ្នំពេញ៖ ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញថា ក្នុង​រយៈពេល៤​ខែដើមឆ្នាំ២០២១នេះ ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ មានតម្លៃ​សរុប​ជិត២០០​លាន​ដុល្លារ ​កើនឡើង​ជិត៥០​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង​៣២​ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ។

បើតាមរបាយការណ៍ខាងលើនេះ ចាប់ពី​ខែ​មករា ​ដល់​ខែមេសា ឆ្នាំ​២០២១ ការនាំចេញ​កង់ និង​គ្រឿងបន្លាស់​កង់មាន​ទឹកប្រាក់១៩៩លាន៤ម៉ឺន១ពាន់៧០៩ដុល្លារ​ កើនឡើង៣២,៣៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន ក្នុងនោះ​ការនាំចេញ​កង់​មានតម្លៃ១៩៨លាន៦៦ម៉ឺន៨ពាន់១៦៣​ដុល្លារ កើនឡើង៣២,២៨​ភាគរយ និង​គ្រឿងបន្លាស់​កង់មាន​តម្លៃ៣៧ម៉ឺន៣ពាន់៥៤៥,៩៨​ដុល្លារ កើន១១៣,៤៤​ភាគរយ ​។ កំណើន​នេះ​បង្ហាញថា ការនាំចេញ​កង់​នៅតែ​ជម្នះ​បាន​នូវ​ឧបសគ្គ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​បន្ដ​លុកលុយ​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក​ ។ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ប្រទេស​ដែល​នាំចូល​កង់​ច្រើន​ពី​កម្ពុជា រួមមាន អាមេរិក ​អង់គ្លេស អឺរ៉ុប ជប៉ុន កាណាដា ចិន កូរ៉េខាងត្បូង​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ។ ឯកឧត្តមបន្តថា ​កត្តា​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​បន្ត​កើនឡើង​នៅ​ដើមឆ្នាំ​នេះ គឺ​ដោយសារ​មានការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​អោយ​អ្នកបញ្ជា​ទិញ​នៅ​បន្ត​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា និង​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​ ។ បើតាម​ឯកឧត្តម ស៊ាង ថៃ សព្វថ្ងៃកម្ពុជា​មាន​រោងចក្រ​ផលិត​ដំឡើង​កង់​ចំនួន៦ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសខេត្ត​ស្វាយរៀង ​។

បើតាមទិន្នន័យ​របស់ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ​មានតម្លៃ​សរុប៥២៧,០៨​លាន​ដុល្លារ​ កើនឡើង២៧,៧៨​ភាគរយ​ បើធៀប​នឹង​ឆ្នាំ​២០១៩​។ ចំណែក​ការនាំ​ចូល​កង់​ក្នុង​ឆ្នាំ​២០២០ មានតម្លៃ៨,៣៨​លាន​ដុល្លារ ធ្លាក់ចុះ១៩,៣៣ភាគរយពី​ប្រទេសមួយ​ចំនួន​ដូចជា ជប៉ុន ចិន កោះ​តៃវ៉ាន់ វៀតណាម អាមេរិក និងថៃ ​។ បើតាម Bike-EU.com ដែលជា​គេហទំព័រ​ឯកទេស​ផ្នែក​ឧស្សាហកម្ម​កង់ បានឱ្យដឹងថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​សហគមន៍​អឺរ៉ុប​តាំងពី​ឆ្នាំ​ ២០១៧ ដោយ​វ៉ា​ដាច់​កោះ​តៃវ៉ាន់ ដែល​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ជាង២​ទសវត្សរ៍ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner