រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការបិទខ្ទប់នូវទីតាំងផ្នែកខ្លះនៅខាងក្នុងផ្សារណាត់បាត់ដំបង នៃ អគារលក់ដូរប៉ែកខាងកើតផ្សារ ក្រោយពីរកឃើញករណីអ្នកវិជ្ជមានកូវីដ-19ពីស្រ្តីជាងកាត់ដេរម្នាក់ នៅក្នុងផ្សារ

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលនូវទីតាំងពាក់ព័ន្ធអគារផ្សារណាត់ផ្នែកខាងកើតថែមទាំងបានជំរុញដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវតែមានវិធានការសុខាភិបាលនិងធ្វើការរឹតបន្ដឹងនូវតំបន់បិទខ្ទប់ខាងលើនេះ ដោយមិនត្រូវអនុញ្ញាតឲ្យមានការលក់ដូរជាដាច់ខាត ក្រោយពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-19 លើស្ត្រីម្នាក់ដែលប្រកបមុខរបរជាជាងកាត់ដេរ នៅផ្នែកខាងក្នុងផ្សារ នៃអគារប៉ែកខាងកើត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់អាជ្ញាធរនិងសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់និងត្រូវបន្តកាត់បន្ថយនូវហានិភ័យពីការឆ្លងជំងឺកូវីដ-19 ឲ្យកាន់តែរួមតូច រហូតដល់អាចគ្រប់គ្រងបានទាំងស្រុង អំពីករណីប្រឈមដែលកំពុងតែកើតមាននៅទីនេះ។

      លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា៖ ស្ត្រីឆ្លងជំងឺកូវីដ-19 មានឈ្មោះ ម៉ូត សារីយ៉ា រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។លោកបានបន្ថែមឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តរកឃើញករណីវិជ្ជមានកូវីដ-19 ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ខណៈទីតាំងស្ត្រីរូបនេះដែលប្រកបរបរជាជាងកាត់ដេរ នៅតូបប៉ែកខាងត្បូងអគារផ្សារខាងកើត ដែលត្រូវបានរដ្ឋបាលក្រុងបាត់ដំបង បានចុះធ្វើការបិទខ្ទប់ទាំងយប់ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ហើយក្នុងនោះក៏មានការចុះទៅបិទខ្ទប់តាមខ្នងផ្ទះមួយចំនួន ដែលពាក់ព័ន្ធជាមួយនិងស្ត្រីរូបនេះផងដែរ។ ក្នុងខណៈដែលអាជ្ញាធរនៃរដ្ឋបាលក្រុង-ខេត្តបាត់ដំបង បានរកឃើញស្ត្រីម្នាក់ប្រកបរបរជាជាងកាត់ដេរ នៅក្នុងផ្សារមួយនេះ បានឆ្លងនូវជំងឺកូវីដ-19និងមិនទាន់ដឹងច្បាស់ពីប្រភពដែលបានឆ្លង។ ហើយបច្ចុប្បន្នក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ខេត្ត កំពុងតែធ្វើការយកវត្ថុសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ហើយក្នុងនោះរដ្ឋបាលក្រុងក៏កំពុងតែស្វះស្វែងបន្តរកអ្នកពាក់ព័ន្ធ និងអំពាវដល់អ្នកពាក់ព័ន្ធអ្នកជំងឺខាងលើ ឲ្យចូលខ្លួនធ្វើតេស្តយកវត្ថុសំណាក ដើម្បីរកមេរោគកូវីដ-19។

       លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក៏ បានសង្កត់ធ្ងន់បន្ថែមថា៖ ខណៈដែលមិនទាន់ដឹងពីប្រភពឆ្លងនៅឡើយនោះ? អាជ្ញាធរនិងមន្ត្រីសុខាភិបាលក៏កំពុងតែបន្តសាកសួរព័ត៌មានបន្ថែមពីរូបគាត់ដែលជាអ្នកជំងឺ រួមទាំងតម្រូវ ឲ្យអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគាត់កន្លងមក ត្រូវធ្វើសំណាក និងធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលពីកូវីដ-19 កាន់តែខ្លាំងថែមទៀតនៅក្នុងសហគមន៍របស់ខ្លួន។

       សូមបញ្ជាក់ផងដែរថា៖ ប្រភពពីការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីមានការផ្ទុះឆ្លងនូវជំងឺកូវីដ-19ក្នុងប្រទេសកម្ពុជាកន្លងមក។ ដោយឡែកខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានដោយជំងឺកូវីដ-19សរុប៥៦៨នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយចំនួន២៦៤នាក់។ក្នុងនោះមានករណីស្លាប់ចំនួន៣នាក់និងកំពុងតែសម្រាកព្យាបាលជំងឺតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ចំនួន ៣០១នាក់។ ហើយនៅថ្ងៃទី១៦ខែមិថុនានេះរកឃើញអ្នកវិជ្ជមានកូវីដ-19 បន្ថែមថ្មី ចំនួន១៩នាក់ និងមានអ្នកជាសះស្បើយចំនួន១២នាក់ ផងដែរ ៕  ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner