វ៉ាន់ វឿន សង្ឈឹមឈ្នះ អេ លីតចំរើនស្តាមុខមាត់បានវិញ ខណៈអេ លីតចំរើនសង្ឈឹមត្រឹម៥០%

កីឡាករ វ៉ាន់ វឿន មកក្លិបប្រដាល់គុនខ្មែរឃ្លាំងមឿនកីឡាខេត្តពោធិសាត់ នៅថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវជួបអ្នកប្រដាល់មុខសេត អេ លីតចំរើន មកពីក្លិបនាយកដ្ឋានអង្គរក្ស ក្នុងកម្មវិធី ប្រដាល់គុនខ្មែរក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ដែលជាជំនួបទី២ ក្រោយរងបរាជ័យជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់មាស និងទឹកប្រាក់១ម៉ឺនដុល្លារនៅស្ថានីយ៍ទូរទស្សន៍ PNN ។


ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍តាមបណ្តាញសង្គម នាព្រឹកនេះ អ្នកប្រដាល់កំពុងឡើងជើង វ៉ាន់ វឿន អះអាងថា បានត្រៀមខ្លួនរួចរាល់ហើយ ទាំងកម្លាំង និងស្នៀតប្រយុទ្ធ ដើម្បីដណ្តើមជ័យជំនះស្តាមុខមាត់មកវិញ ។
វ៉ាន់ វឿន បញ្ជាក់ថា ជំនួបជាមួយ អេ លីតចំរើននេះ គឺជាការប្រកួតដែលខ្លួនចិញ្ចឹមចិត្តទុកជាយូរមកហើយ ដើម្បីសងសឹកជម្រុះបញ្ជីចាស់ ក្រោយរងបរាជ័យដោយជើងរន្ទះរបស់ អេ លីតចំរើន កាលពីឆ្នាំ២០២០ ។


ពាក់ព័ន្ធការជួបគ្នាលើកទី២ជាមួយអ្នកលេងគុនខ្មែរ កំពុងឡើងជើង វ៉ាន់ វឿន អ្នកលេងគុនខ្មែរមុខសេដ អេ លីតចំរើន អះអាងថា ខ្លួនមានសង្ឈឹមឈ្នះត្រឹម៥០%បុណ្ណោះ ដ្បិតកីឡាករ វ៉ាន់ វឿន បច្ចុប្បន្នកំពុងឡើងជើងខ្លាំង។
សូមបញ្ជាក់ថា កីឡាករ វ៉ាន់ វឿន ធ្លាប់រងបរាជ័យដោយសន្លប់ក្រោមទម្ងន់ជើងរន្ទះ អេ លីតចំរើន ម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់មាស និងទឹកប្រាក់មួយម៉ឺនដុល្លារនៅស្ថានីយ៍ទូរទស្សន៍ PNN ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner