សម្តេច សាយ ឈុំ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងសារថ្វាយព្រះពរ សម្តេចសេនាភក្តី បានសម្ដែងថ្វាយ នូវកតញ្ញូកតវេទិតាធម៌ និងព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជកាយពលរឹងមាំខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះរាជជន្មាយុយឺនយូរជាងរយព្រះវស្សាតរៀងទៅ។

សម្តេចវិបុលសេនា ថែមទាំងសម្តែង គោរពដឹងគុណដ៏មហាជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណា ទិគុណរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងបានលះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណក្នុងការបំពេញព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តមក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមឱ្យ​មានការរីកចម្រើនលើ គ្រប់វិស័យជាបន្តបន្ទាប់ និងបានយកព្រះទ័យទុកដាក់ខ្ពស់គ្រប់ពេលវេលាចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជារាស្រ្តជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ។ ព្រះអង្គជាព្រះមាតាជាតិដ៏ឧត្តុង្គឧត្តមនៅក្នុងវិស័យ​សាសនា អរិយធម៌ វប្បធម៌ សីលធម៌ សប្បុរសធម៌ និងមនុស្សធម៌ ព្រមទាំងបានលើកកម្ពស់គុណតម្លៃរបស់ស្ត្រីឱ្យដើរតួនាទីកាន់តែសំខាន់នៅគ្រប់កម្រិត ក្នុងការចូលរួមអភិវឌ្ឍជាតិ និងបានការពារទប់ស្កាត់រាល់ការរើសអើងនិងរំលោភបំពានលើស្រ្តី កុមារ និងជនពិការ។ ព្រះរាជកិច្ចដ៏មហាសំខាន់ខាងលើនេះ ត្រូវបានប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ និងអន្ដរជាតិគោរពផ្តល់តម្លៃដ៏មហាខ្ពង់ខ្ពស់។

សម្តេច សាយ ឈុំ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិ​ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រៃកែវទាំងបីឫទិ្ធបារមី ខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ពិសេសព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ប្រទានព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner