ប្រជាពលរដ្ឋនៅសហគមន៍ឆែបខេត្តព្រះវិហារ កែច្នៃដើមទ្រាំងដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

ព្រះវិហារ៖ តាមរយៈការកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍ អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ។ ​ទ្រាំង​ជា​រុក្ខជាតិ​មាន​ប្រយោជន៍​ច្រើនណាស់​ទាំង​ធាង ស្លឹក​ និង ​ខ្លឹម​របស់​វា​សុទ្ធតែ​អាច​ច្នៃ​ចេញ​ជា​សម្ភារ​បាន​ទាំងអស់ ក្នុងនោះគេអាចកែច្នៃ​ចេញ​ជា​សម្ភារៈ​ប្រើប្រាស់​ និង​របស់​តាំង​លម្អ ។ ការកែច្នៃ​នេះ​បាន​ក្លាយជា​មុខរបរ​ប្រពៃណី​មួយ​ បន្ទាប់ពី​មុខរបរ​ស្នូល ​គឺ​ការធ្វើ​ស្រែចម្ការ​របស់​ពួកគាត់ ។

ប្រជាពលរដ្ឋរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែប​បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំង ដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល និងធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ ។ កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡា បានឱ្យដឹងថា ចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មក ឃើញថា ជីវភាពគ្រាន់គាប់ប្រសើរជាងមុន ។ អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ ។ ដោយឡែកអ្នកស្រី ទិត្យ សុខុន រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថា អ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ មានដូចជាគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន ។ អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែបខេត្តព្រះវិហារនេះ គឺលោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថា តាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះ គឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀលទៅ៦០ម៉ឺនរៀល ។ចំណូលទាំងនេះ អាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ ។ លោកបន្តថា ពលរដ្ឋក្នុងតំបន់នេះ គឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ។ សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង ។

គួរកត់សម្គាល់ ដើមទ្រាំងជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ទៅ២៥ម៉ែត្រ ។ ដើមទ្រាំងធាងរបស់វាវែងៗហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះ​ច្រៀក​ធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ នៅពេល​ដែល​យើង​ប្រើប្រាស់ប្រចាំថ្ងៃ ។ តាមឯកសារស្រាវជ្រាវបានបញ្ជាក់ដែរថា ដើមទ្រាំង វាមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ ។ នៅប្រទេសកម្ពុជាដើមទ្រាំងត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តមួយចំនួនដូចជា៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី  និងក្រចេះជាដើម ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនមានជំនឿថា សម្ភារៈធ្វើពីទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ ។ ក្នុងនេះពួកគាត់មានជំនឿថា ចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃទៀតផង ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner