យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុបានចាប់ផ្ដើមហើយនៅថ្ងៃទី១៧ មិថុនានេះ

អត្ថបទដោយ៖
ធី ដា

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើឡើងនៅតាមទីតាំងផ្សេងៗគ្នាក្នុងខេត្តព្រះសីហនុ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ លោកបានបន្តថា ប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។

ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំង លោកអភិបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន១៩ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន៥ទីតាំង, ស្រុកព្រៃនប់៥ទីតាំង, កំពង់សីលា៤ទីតាំង, ក្រុងកោះរ៉ុង២ទីតាំង និងស្រុកស្ទឹងហាវ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។ យុទ្ធនាការនោះ មានសមាសភាពបុគ្គលិកពេទ្យចម្រុះមកពីមន្ទីរសុខាភិបាលខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កងពលតូចលេខ៧០ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានអោយដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នឹងចុះទៅអញ្ជើញប្រជាពលរដ្ឋដល់លំនៅឋាន ដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារ ចាក់វ៉ាក់សាំងនៅថ្ងៃបន្ទាប់ នៅតាមទីតាំងដែលបានកំណត់។

រដ្ឋបាលខេត្តបានបន្ថែមថា នៅពេលប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីបង្ហាញដល់ក្រុមការងារនៅទីតាំងចាក់វ៉ាក់សាំង និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ៣ការពារ និង៣កុំ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner