នាយករដ្ឋមន្រ្តីបារាំង ៖ បារាំងត្រៀមដកកាតព្វកិច្ចពាក់ម៉ាស និងបំរាមគោចរនៅត្រឹមចុងសប្តាហ៍នេះ

បារាំង៖ រដ្ឋាភិបាលបារាំងបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ ហើយនឹងបិទបញ្ចប់បម្រាមគោចរនៅពេលយប់លឿនជាងកាលកំណត់ពីមុន ដោយយោងលើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩បានប្រសើរឡើងវិញហើយ ។

នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់មកនៅត្រឹមជាង៣ពាន់ករណីប៉ុណ្ណោះ ដែលស្ថិតនៅក្រោមកម្រិត៥ពាន់ករណីសម្រាប់ការរក្សាករណីឆ្លងអោយស្ថិតក្រោមការគ្រប់គ្រង ។ លោកបន្ថែមថា ស្ថានភាពបច្ចុប្បន្នបាននិងកំពុងវិលត្រឡប់ទៅរកភាពប្រសើរឡើងជាងការរំពឹងទុក ។ ជាមួយគ្នានេះ លោក Castex ក៏បានប្រកាសដែរថា កាតព្វកិច្ចពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ ដែលត្រូវបានដាក់អោយអនុវត្តចាប់តាំងពីខែសីហាកន្លងមក នឹងលែងទាមទារទៀតហើយគិតចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ដោយឡែកបម្រាមគោចរនៅម៉ោង១១៖០០នាទីយប់នោះ ក៏ត្រូវដកចេញវិញផងដែរគិតចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ ពោលគឺ១០ថ្ងៃលឿនជាងកាលកំណត់ពីមុន ។

បើតាមលោក Castex រដ្ឋាភិបាលមានផែនការអោយ៦០ភាគរយនៃប្រជាជនសរុបរបស់ប្រទេសបារាំង ឬស្មើនឹង៤០លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់១ដូសនៅត្រឹមចុងខែសីហាខាងមុខ ហើយ៣៥លាននាក់ទៀតបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner