​អ្នកនាំពាក្យ​៖ ការ​បង្វែរ​ជំនួយ​របស់ USAID ទៅ​ជួយ​ផ្នែក​ផ្សេង បង្ហាញថា​ក្រសួងបរិស្ថាន​មាន​ភាពរឹងមាំ​ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​

ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ការបញ្ចប់​គម្រោង​ព្រៃ​ឡង់​បៃតង ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​ក នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បាន​បង្ហាញថា ក្រសួងបរិស្ថាន ក្នុងនាម​សេនាធិការ​នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន​មានការ​ទទួលខុសត្រូវ និង​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ភាពជា​ម្ចាស់​ក្នុងការ​បំពេញ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​។​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន

​ការបញ្ជាក់​នេះ ធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក សម្រេច​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្រោម​គម្រោង​ព្រៃ​ឡង់​បៃតង តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់ USAID ក្រោម​ហេតុផល​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់​នៅតែ​បន្ត​មាន បើទោះបីជា​រដ្ឋាភិបាល​ខ្លួន បានផ្តល់​ជំនួយ​ជាង ១០០​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ ២០១៦​មក តាមរយៈ​ទីភ្នាក់ងារ USAID ដើម្បី​អនុវត្ត​លើ​គម្រោង​ការពារ​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះ ដើម្បី​ធានា​អភិរក្ស និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិកនៅ​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ បញ្ជាក់ថា​«​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹងត្រូវ​បង្វែរ ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគម​ន៍​មូលដ្ឋាន ដើម្បី​កែលម្អ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម ដែល​មិន​ប៉ះពាល់​បរិស្ថាន​។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល អាកាសធាតុ ដែលជា​កង្វល់​រួម តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ​»​។​

​ឆ្លើយតប​នឹង​បញ្ហា​បញ្ចប់​ជំនួយ​នេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការបញ្ចប់​គម្រោង​ព្រៃ​ឡង់​បៃតង ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​កនៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅពេលនេះ បាន​បង្ហាញថា ក្រសួងបរិស្ថាន​ក្នុងនាម​សេនាធិការ នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន​មានការ​ទទួលខុសត្រូវ និង​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ភាពជា​ម្ចាស់​ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​»​។​

​អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា​៖ «​ការបញ្ចប់​គម្រោង​ព្រៃ​ឡង់​បៃតង​ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហរដ្ឋ​មេ​រិ​កនៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅពេលនេះ មិនមាន​អ្វី​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ក្រសួងបរិស្ថាន​និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID ឬ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នោះទេ​។ ភាគី​ទាំងពី​នៅតែ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​ផ្នែក​មួយចំនួន​ដែលមាន​។ នៅក្នុង​កិច្ច​ពិភាក្សាគ្នា​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ក្នុងនាម​ជា​ដៃគូ​ស្មើភាព និង​ស្មើ​សិទ្ធិ និង​បាន​ឯកភាពគ្នា​បង្វែរ​ជំនួយ​នេះ​ទៅលើ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត ដែល​បន្ត​បម្រើឱ្យ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។

​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់ថា​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ និង​នៅ​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​លែងកើត​មាន​ទៀតហើយ តែ​នៅមាន​បទល្មើស​ទ្រុងទ្រាយ​តូចៗ​កើតឡើង​។ នេះ​គឺជា​ក្តី​ព្រួយបារម្ភ​ដែល​នៅ​សេសសល់​តិចតួច​ដែល​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នឹង​កំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ការទទួលខុសត្រូវ​។​ជាមួយគ្នានេះដែរ លោក​បាន​បន្តថា ក្រសួងបរិស្ថាន​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​វិជ្ជាជីវៈ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក៏ដូចជា​តំបន់ការពារធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាស​មា​គម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ក្រសួងបរិស្ថាន​ស្វាគមន៍​ជានិច្ច​ក្នុងនាម​ជា​ដៃគូ​និង​អ្នកចូលរួម ការពារ​ធនធានធម្មជាតិ​ដែលមាន​ភាពស្មោះត្រង់ គោរព​ច្បាប់​ជា​ធរមាន មិនមែនជា​សកម្មភាព​ជ្រក​ក្រោម​ស្លាក​ស្រឡាញ់​បរិស្ថាន ធនធានធម្មជាតិ​ទៀត​ដែល​បម្រើ​របៀបវារៈ​នយោបាយ​ឡើយ​។

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោម​សុខសន្តិភាព​ពេញលេញ កម្ពុជា​មានឱកាស​គ្រប់គ្រាន់ ក្នុងការ​គិតគូរ​រៀបចំ​ការអភិរក្ស​ធន​ធាន​ធម្មជាតិ​របស់ខ្លួន​។ ដោយសារតែ​ការការពារ និង​អភិរក្ស​មាន​ភាពល្អប្រសើ​រ កម្ពុជា​បានទទួល​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ស្ថានភាព​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ​ចាប់ផ្តើម​មាន​ភាពល្អប្រសើ​រ​ផ្សារភ្ជាប់​នឹង​ទេសចរណ៍ធម្មជាតិ និង​ជម្រើស​ថ្មី​ក្នុង​មុខរបរ​របស់ខ្លួន​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៦​មក ទីភ្នាក់ងារ USAID បាន​ចូលរួម​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល លើ​ការងារ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា តាមរយៈ​បង្កើន​ល្បាត​របស់​អនុរក្ស ការបណ្តុះបណ្តាល ការអនុវត្ត​ច្បាប់​និង ការ អភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រង​តំបន់ការពារធម្មជាតិ ពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៅលើ​ផ្ទៃដី​ជាង​៣​លាន​៣​សែន​ហិកតា ដែល​គ្របដណ្ដប់​ក្នុង​ខេត្ត​ចំនួន​៤​រួមមាន​៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និង ខេត្តស្ទឹងត្រែង​៕​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner