ឯកឧត្តម ឆាយ ថន អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការ ទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ដើម្បីណែនាំដល់មន្ទីរផែនការឱ្យពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់បើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាលើកទី២

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស ដើម្បីណែនាំដល់មន្ទីរផែនការឱ្យពង្រឹងការអនុវត្តការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេស សម្រាប់បើកសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាលើកទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរផែនការ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា បន្ទាប់ពីការកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ក្នុងដំណាក់កាលទី១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ត្រូវបានបញ្ចប់ និងគ្រួសារគោលដៅទាំងនោះ បានសម្ភាសន៍ជាប់ មានចំនួនសរុប ៦១,៦៧៨គ្រួសារ ដែលស្មើនឹងប្រជាជនចំនួន ២០៦,៩៩៨ នាក់ កំពុងបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តទៅ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីការគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាកផ្នែកជីវភាពរស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង ក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋានក្នុងតំបន់ដែលបងប្អូនកំពុងរស់នៅ ដើម្បីសុំការសម្ភាសន៍ និង កំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការ ឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់” ។

តាមរយៈសារផ្តាំផ្ញើរបស់សម្តេចតេជោ ខាងលើ គឺក្រសួងផែនការបានកំណត់យកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃចុងក្រោយនៃការស្នើសុំរបស់ប្រជាពលរដ្ឋ និង កំណត់ធ្វើការសម្ភាសន៍ ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ផ្អែកលើទិន្នន័យចុងក្រោយ និង ការចុះពិនិត្យជាក់ស្តែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានផែនការ និង នាយកដ្ឋាន ឃើញថា ការដាក់ពាក្យស្នើសុំសម្ភាសន៍សម្រាប់ដំណាក់កាលទី២ នេះ មានការកើនឡើងយ៉ាងគំហុក (ការស្នើសុំលើកទី២នេះ ជាការបំពេញបន្ថែម ឬ ដែលមានការខ្វះខាត ក្នុងពេលអនុវត្តលើកដំបូងតែប៉ុណ្ណោះ) ដែលចំនួនប្រហាក់ប្រហែលលើកទី១ ឬ អាចលើសលើកទី១ នៅថ្ងៃបិទបញ្ចប់ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់ប្រធានមន្ទីរផែនការរាជធានីខេត្តទាំងអស់ ដើម្បីឱ្យទិន្នន័យច្បាស់លាស់ មានតម្លាភាពសម្រាប់ប្រជាជន និង ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកទិន្នន័យនេះសម្រាប់គណនាថវិកា និងបើកផ្តល់ថវិកាជូនគ្រួសារដែលបានសម្ភាសន៍ជាប់លើកទី២ ត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ សូមធ្វើការណែនាំដល់គ្រប់មន្ទីរផែនការ ជាពិសេសមន្ទីផែនការរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ដូចខាងក្រោម៖

• ត្រូវសហការ ធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់
• ត្រូវធ្វើការណែនាំពីនីតិវិធី និងលក្ខខណ្ឌរបស់ក្រសួងផែនការ ដល់អាជ្ញាធរមូលដ្ឋាន ឃុំ ស្កាត់ (ការទទួលពាក្យស្នើសុំ និង ការជ្រើសរើសសម្រេចសម្ភាសន៍ មិនមែនចេះតែទទួល និង សម្ភាសន៍ ទាំងអស់) ឱ្យបានច្បាស់លាស់
• សហការ និង ណែនាំយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ពីនីតិវិធី និង លក្ខខណ្ឌរបស់ក្រសួងផែនការ និង ការសម្ភាសន៍ឱ្យបានឆាប់ និង មានតម្លាភាព
• ចុះតាមដាន ត្រួតពិនិត្យជាប្រចាំ ឬចាត់មន្រ្តីប្រចាំការនៅគ្រប់ភូមិសាស្រ្ត ដើម្បីជៀសវាងការសម្ភាសន៍គ្រួសារមានបណ្ណរួចហើយ និង អ្នកមានបណ្ណ ប.ស.ស. …
• រាយការណ៍ ឬ សុំអន្តរាគមន៍បន្ទាន់ ពីអាជ្ញាធរ ឬ ក្រសួង ក្នុងករណីដែលមានបញ្ហាលើសពីសមត្ថភាពក្នុងការដោះស្រាយ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner