ប្រមុខ NASA សាទរចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសដោយជោគជ័យ

ចិន៖ អ្នកគ្រប់គ្រងរដ្ឋបាលរបស់អង្គការ NASA លោក Bill Nelson បានអបអរសាទរដល់ប្រទេសចិនដែលបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហាញគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ និង អវកាសយានិកចំនួន៣រូបឡើងទៅកាន់ទីអវកាស ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ ។
លោក Nelson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សូមអបអរសាទរចិន ចំពោះភាពជោគជ័យក្នុងការបញ្ជូនអវកាសយានិកឡើងទៅកាន់ទីអវកាសរបស់ពួកគេ… ខ្ញុំទន្ទឹងរង់ចាំមើលការរុករកផ្នែកវិទ្យាសាស្រ្តដែលនឹងមកដល់នាពេលខាងមុខនេះ ។ គួរកត់សម្គាល់ អវកាសយានិកដំបូងបានធ្វើដំណើរដោយសុវត្ថិភាពទៅដល់ស្ថានីយអវកាសថ្មីរបស់ប្រទេសចិនហើយ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលប្រការនេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំង ដើម្បីក្លាយជាប្រទេសមហាអំណាចដ៏ធំបំផុតមួយនៅទីអវកាស ។
សូមជម្រាបថា ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង៣រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ នៃតំបន់វាលខ្សាច់ ហ្គោពី ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ អវកាសយានិកទាំង៣រូប ដែលត្រូវជាក្រុមដំបូងគេនៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល៣ខែ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner