កម្ពុជាស្នើទូតវៀតណាមបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅកម្ពុជាទៅវៀតណាមវិញឱ្យបានឆាប់

ភ្នំពេញ៖ ជំនួបមួយបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៧ ខែមិថុនាម្សិលមិញ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រវាងឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ជាមួយលោក វូ ក្វាងមីញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

ប្រភពបញ្ជាក់ថា ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធបានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាបំពេញបែបបទដើម្បីបញ្ជូនជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជាទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។

អគ្គនាយកអន្តោប្រវេសន៍បានបញ្ជាក់ជូនទូតវៀតណាមថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងឡើយ។

ចំណែកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានលើកឡើងអំពីបញ្ហា ប្រឈមមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើការសម្របសម្រួលបន្ថែមទៀតលើការងារផ្សព្វផ្សាយបទបញ្ញត្តិស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឱ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។

ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាបំពេញបែបបទដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឱ្យបានឆាប់។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner