ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមប្លាស្ទិកដល់រដ្ឋបាលខេត្តកំពត និងខេត្តកែប តាមរយៈក្រសួងបរិស្ថាន ក្រោមគម្រោង «រួមគ្នាដើម្បីបរិស្ថានស្អាត»

ខេត្តកំពត៖  ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមប្លាស្ទិកដល់រដ្ឋបាលខេត្តកំពត និងខេត្តកែប តាមរយៈក្រសួងបរិស្ថាន ដើម្បីគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិក ។ ពិធីប្រគល់បានធ្វើឡើងនៅទីតាំងកីឡាលើទឹកជិតសួនច្បារខេត្តកំពត  ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេសរបស់ក្រុមហ៊ុន នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ 

គម្រោង «រួមគ្នាដើម្បីបរិស្ថានស្អាត» នេះ ផ្តោតសំខាន់ទៅលើការអប់រំ ការបំផុសស្មារតី និងការអនុវត្តការគ្រប់គ្រង់សំរាមប្លាស្ទិក ដោយចាប់ផ្តើមពីការបញ្ជ្រាបចំណេះដឹងស្តីពីការគ្រប់គ្រងសំរាម រហូតដល់ការដាក់ធុងសំរាមតាមទីសាធារណៈចំនួន១៦ កន្លែង នៅក្នុងខេត្តកំពត និងខេត្តកែប ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានមានប្រសាសន៍ថា «ក្នុងនាមក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថាន តាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន ។ «នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកាកូឡាលើវិស័យបរិស្ថាន» ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុងដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកា-កូឡានាពេលនេះ គឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

សូមជម្រាបថា ក្រុមហ៊ុនកូកា-កូឡាបាននិងកំពុងអនុវត្តន៍គោលដៅនិរន្តភាព ក្នុងការប្រមូល និងកែច្នៃសំបកវេចខ្ចប់ អោយស្មើ១០០%នៃចំនួនសំបកវេចខ្ចប់ដែលយើងលក់នៅលើទីផ្សារទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តភាពនេះ ហៅថា «ពិភពលោកគ្មានសំរាម (WWW – World Without Waste)» ដោយយើងបានយកចិត្តទុកដាក់ផ្តោតទៅលើវដ្តជីវិតនៃសំបកវេចខ្ចប់ទាំងមូល រាប់ចាប់ពី ដបជ័រ និងកំប៉ុងអាលុយមីញូម ត្រូវបានផលិត និងរចនា ច្រកភេសជ្ជៈរហូតដល់ត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ ។ ផ្អែកលើចក្ខុវិស័យនេះ កាលពីឆ្នាំ២០២០ ក្រុមហ៊ុនបានចេញផលិតផលទឹកបរិសុទ្ធដាសានីចំណុះ៣៥០មីលីលីត្រ ដែលប្រើប្រាស់សំបកវេចខ្ចប់ rPET ដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលជាបច្ចេកវិទ្យាកែច្នៃឡើងវិញ១០០% ។

លោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បញ្ជាក់ថា ការនាំយកធុងបែងចែកសំរាមជូនដល់ខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ  គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសាកលដែលក្រុមហ៊ុនកូកា-កូឡាបាននិងកំពុងអនុវត្ត ។ ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព ។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយការចាប់ផ្តើមពីអ្នក! « រួមគ្នាទើបកម្ពុជាស្អាត!» ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner