ទូតបារាំងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាពីបញ្ហាសន្តិភាព និងផែនការទប់ស្កាត់កូវីដ

លោកជំទាវ អេ​វ៉ា ង្វៀន ប៊ិ​ញ​(Eva NGUYEN BINH ) ​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​ ​ក្នុង​បេសកកម្ម​ការទូត​របស់​លោកជំទាវ​រយៈពេល៤​ឆ្នាំ​នៅកម្ពុជា ​លោកជំទាវ​បាន​មើលឃើញថា​កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព ស្ថេរភាព​ និង​ការអភិវឌ្ឍ ពី​នោះ​ទៅទៀត​កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ដ៏​ជាក់លាក់​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ មិន​ដូច​អ្វីដែល​អ្នកដទៃ​មើល​មក​កម្ពុជា​ពី​ចម្ងាយ១២០០ គីឡូម៉ែត្រ​នោះទេ។ លោកជំទាវបាន​បន្តថា​ទាំងនេះ​ ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យរដ្ឋាភិបាល​បារាំង​ ក៏ដូចជា​វិស័យ​ឯកជន​បារាំង​នៅ​បន្ត​ជាមួយ​កម្ពុជា​ចូលរួមចំណែក​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន​ និង​ចីរភាព។​

​លោកជំទាវ អេ​វ៉ា ង្វៀន ប៊ិ​ញ​(Eva NGUYEN BINH )​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​ថ្លែង​បែបនេះ ​នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​(​វិមាន​សន្តិភាព​) ក្នុងឱកាស​ដែល​លោកជំទាវត្រូវបាន​បញ្ចប់​អាណត្តិ​ការទូត​នៅកម្ពុជា​។​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​ លោកជំទាវ អេ​វ៉ា ង្វៀន ប៊ិ​ញ បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុម​សែន ​និង​មន្ត្រីរាជការ​កម្ពុជា​ទាំងអស់​ដែល​កន្លងមក​បាន​គាំទ្រ​នូវ​បេសកម្ម​របស់លោក​ស្រី​បាន​យ៉ាង​ល្អ​។ លោកជំទាវបានកត់សម្គាល់​ឃើញថា​៤​ឆ្នាំ​ក្នុង​បេសកកម្ម​ការទូត​របស់លោកជំទាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ លោកជំទាវ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ជាច្រើនលើក និងជួប​ជាមួយ​មន្ត្រី​កម្ពុជា​គ្រប់លំដាប់​ថ្នាក់​ដែល​រាល់​ការពិភាក្សា​ទាំងអស់​មាន​ភាព​ត្រង់​ទៅ​ត្រង់​មក​មាន​ភាព​បើកចំហ​ និង​មាន​ភាពស្មោះត្រង់​ដែល​ទាំងនេះ​ គឺជាកត្តា​ដ៏​សំខាន់​ធ្វើ​ឱ្យ​បេសកកម្ម​ការទូត​របស់លោកជំទាវនៅ​កម្ពុជា​បានទទួល​ជោគជ័យ​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

លោកជំទាវ​ឯកអគ្គរដ្ឋទូត​បានធ្វើ​ការកត់សមគាល់ថា​ «​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ពី​នោះ​ទៅទៀត​ក៏មាន​ការគ្រប់គ្រង​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ដែល​មិន​ដូច​អ្វីដែល​អ្នកដទៃ​មើល​មក​កម្ពុជា​ពី​ចម្ងាយ១២០០គីឡូម៉ែត្រ​នោះទេ។​ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិ​បាលបារាំង ក៏ដូចជា​វិស័យ​ឯកជន​បារាំង​នៅ​បន្ត​ជាមួយ​កម្ពុជា​ចូលរួមចំណែក​ជាមួយ​កម្ពុជា ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកប ដោយ​បរិ​យាប​ន្ន​និង​ចីរភាព​។ ​បារាំង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ជាពិសេស​លើ​វិស័យ​សុខាភិបាល​,​ វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​,​ វិស័យ​វប្បធម៌​,​ ការថែរក្សា​សន្តិភាព​នៅ​ក្រុម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។»

​ជាមួយគ្នានេះ ​លោកជំទាវក៏បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​ដែល​បានទទួល​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​ប្រ​យុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​ ការផ្ដល់​វ៉ាក់សាំង​ជូន​ដល់​ជនបរទេស​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​សន្ដាន​ចិត្ត​មនុស្សធម៌​របស់​កម្ពុជា​ដែល​រាល់​ស្ថានទូត​ទាំងអស់ បានទទួល​ស្គាល់​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បារាំង ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ពង្រឹង​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ។ សម្ដេច​ក៏បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង ​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ ​ដែល​ក្នុងនោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ នេះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​លោកជំទាវឯកអគ្គរដ្ឋទូត​បារាំង​ថា​ « យុទ្ធសាស្ត្រ​របស់​កម្ពុជា​គឺ​ផ្ដល់​វ៉ាក់សាំង​ជូន​ដល់​គ្រប់​មនុស្ស​ទាំងអស់​ដែល​នៅក្នុង​ប្រ​ទេស​កម្ពុជា​ដោយ​មិន​គិតពី​ជនជាតិខ្មែរ​ឬ​បរទេស​នោះទេ ​នេះ​គឺជា​ជម្រើស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩»​។

​ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង​ ដែល​បាន​តែងតែ​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​, ​វិស័យ​វេជ្ជសាស្ត្រ​ដែល​បាន​ជួយ​ដល់​ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ​កម្ពុជា ​និង​ផ្ដល់​ជា​ជំនួយ​និង​ហិរញ្ញប្បទាន ​និង​ការអភិវឌ្ឍន៍​កម្ពុជា​ផងដែរ​។ ​ក្នុងឱកាស​នោះ​ សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកជំទាវ អេ​វ៉ា ​ជាថ្មី​ម្ដងទៀត​ និង​ជូនពរលោកជំទាវ​សូម​បំពេញបេសកកម្ម​ជោគជ័យ​នៅ​បេសកម្ម​ក​បន្ទាប់​ទៀត​។​

​គួរបញ្ជាក់​ជូន​ថា លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​រយ​:​ពេល​៤​ឆ្នាំកន្លងមក​នៅ ពេលនេះលោកជំទាវ​ត្រូវបាន​បញ្ចប់​អណ​តិ្ត​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner