ធនាគារពិភពលោក WB ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១នេះ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក World Bank ប្រចាំកម្ពុជាបានអោយដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣.១ភាគរយក្នុងឆ្នាំ២០២០ ។

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ ការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩ ។ វិស័យកសិកម្ម នៅរក្សាភាពធន់បានគួរសម ដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងចិន បានចុះហត្ថលេខាជាមួយគ្នា ។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួន ទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ ។ អាជីវកម្មបោះដុំ និងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ ។ ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជា នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា ថ្លែងថា ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩ ។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឲ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់ ។ លោកស្រីបន្ថែមទៀតថា ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner