ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តបាត់ដំបង បានចុះ​ធ្វើអធិ​ការ​កិច្ចពិនិត្យមើលក្រុមហ៊ុនហ្វីនិក អ៊ិនដាស្ទ្រីល៍ ពាក់ព័ន្ធការសាង​សង់អាង​​ប្រព្រឹត្តកម្ម ស្ថិតក្នុងតំបន់ឧស្សាហកម្ម របស់រោង​ចក្រ(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

Video https://fb.watch/6c1O2ZNbgY/

ក្រុមការងាររបស់អន្តរក្រសួង និងដឹកនាំដោយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានចុះធ្វើអធិការកិច្ចក្នុងការវាយតម្លៃពីការគ្រប់គ្រង និងផលប៉ះពាល់នៃបរិស្ថាន នៅក្នុងក្រុមហ៊ុនហ្វីនិកអ៊ិនដាស្ទ្រីល៍ (ឯ.ក) ដែលមានទីតាំង ស្ថិតនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាតដំបង ។
ការចុះធ្វើអធិការកិច្ចក្នុងការវាយតម្លៃ ពីការងារគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុនហ្វីនិក អ៊ិនដាស្ទ្រីល៍(ឯ.ក) ដែលកន្លងមកបានបង្កធ្វើឱ្យមានការលេចធ្លាយនូវវត្ថុសំណល់រាវ ដែលមានសារធាតុគីមី បានបំពុលទៅក្នុងទឹកស្ទឹងសង្កែ ថែមទាំងបង្កឲ្យត្រីនៅក្នុងស្ទឹង ពុលងាប់កន្លងមក…។
ជាមួយគ្នានេះក្រុមហ៊ុន ក៏បានបង្ហាញនូវការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងកន្លងមក ថែមទាំងបានប្តេជ្ញាចិត្ត ដោយខិតខំធ្វើការកែលម្អ ក្នុងការគ្រប់គ្រងនូវកាកសំណល់រឹង-រាវ កុំឱ្យកើតមានបញ្ហាជាថ្មីម្តងទៀត។ ក្នុងនោះ ក៏បានបង្ហាញអំពីលក្ខណៈបច្ចេកទេសដំណើរការ ក្នុងការសាងសង់នូវអាងប្រព្រឹត្តកម្មសំណល់រាវ និងប្រព័ន្ធបច្ចេកទេសក្នុងការសម្អាតទឹកកខ្វក់ ដែលមានសារធាតុគីមី បានប្រមាណ ៨០% ដែលគ្រោងនិងបញ្ចប់នូវចុងឆ្នាំ២០២១នេះ។
នៅក្នុងមតិយោបល់ចូលរួម របស់ក្រុមការងារអន្តរក្រសួង ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះ”ស្រះស្តុកនូវកាកសំណល់រឹងនិងរាវ” របស់ក្រុមហ៊ុនផងដែរ ដែលមកដល់ពេលនេះ នៅពុំទាន់មានបច្ចេកទេសត្រឹមត្រូវ ដែលអាចបង្ក ឱ្យមានការលេចធ្លាយជាថ្មី ឬក៏អាចជ្រាបចូលតាមប្រព័ន្ធទឹកក្រោមដី និងអាចបង្កផលប៉ពាល់បរិស្ថានទឹក។ពិសេសនៅរដូវភ្លៀងធ្លាក់ខាងមុខនេះ។ហើយបញ្ហានេះតំរូវឲ្យអាជ្ញាធរ និងក្រុមហ៊ុន ត្រូវតែចាត់វិធានការចាំបាច់នានា ក្នុងការទប់ស្កាត់ឱ្យខាងតែបានបញ្ហាលើកឡើងខាងលើនេះ។
ក្រុមការងារអន្តរក្រសួង ក៏បានជំរុញស្នើដល់ក្រុមហ៊ុនត្រូវតែខិតចំពន្លឿនក្នុងការរៀបចំ និងសាងសង់នូវអាងប្រព្រឹត្តកម្មសំណល់រាវរបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីដាក់ឱ្យដំណើរការ និងដើម្បីធ្វើការសម្អាត នូវកាកសំណល់រាវចាស់ និងបង្វែរប្រព័ន្ធសំណល់រាវពីផលិតកម្ម ទៅធ្វើការសម្អាត ឲ្យបានសមស្របតាមលិខិតបទដ្ឋានច្បាប់រួមទាំងត្រូវបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ពីការបញ្ចេញកាកសំណល់ និងដើម្បីធានាដល់ប្រសិទ្ធភាព ក្នុងការសម្អាតសំណល់រាវ និងសាធាតុពុលឲ្យបានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងកម្រិតកំណត់ស្តង់ដារ។
ជាមួយគ្នានេះផងដែរ ក្រុមការងារអន្តរក្រសួងក៏បានណែនាំនិងជំរុញដល់ក្រុមហ៊ុន ត្រូវតែមានដំណោះស្រាយសមស្រប និងឆ្លើយតបចំពោះផលប៉ះពាល់ទាំងឡាយដែលកើតមានកន្លងមកនេះ។ ដើម្បីជាការបង្កើននូវទំនុកចិត្តដល់ប្រជាជន ដែលទទួលរងនូវផលប៉ះពាល់ អំពីករណីបំពុលទឹកនេះនិងចៀសវាងពីការបង្កផលប៉ះពាល់ទៅដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងសតិអារម្មណ៍សាធារណជន៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner